គណបក្សភ្លើងទៀន ខេត្តស្វាយរៀង បានបើកដំណើរការទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបានលើកស្លាកគណបក្សជាបន្តបន្ទាប់នៅតាមបណ្ដាស្រុកនិងឃុំសង្កាត់នានារបស់ខ្លួន។ កាលពីថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ ២០២២ លោក មាស ខេង ប្រធានក្រុមការងារខេត្ត បានដឹកនាំសកម្មភាពលើកស្លាកគណបក្សនៅស្រុករំដួល ហើយនៅថ្ងៃអាទិត្យ ៩ មករា ក្រុមការងារខេត្តស្វាយរៀង បានបន្តដឹកនាំសកម្មភាពលើកស្លាកគណបក្សនៅស្រុកចន្ទ្រា។
មកដល់ពេលនេះ គណបក្សភ្លើងទៀន ខេត្តស្វាយរៀង បានលើកស្លាករបស់ខ្លួនបានចំនួន ៤ស្រុកហើយ ក្នុងចំណោមក្រុងស្រុកចំនួន៨នៃខេត្តខេត្តស្វាយរៀង។
គណបក្សភ្លើងទៀន មានឈ្មោះដើមមកពីគណបក្សជាតិខ្មែរ ដែលជាគណបក្សប្រឆាំងតែមួយគត់ ត្រូវបានបង្កើតដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ ក្រោយមកនៅឆ្នាំ១៩៩៨ រដ្ឋាភិបាលបានកែប្រែច្បាប់ចាប់បង្ខំឲ្យគណបក្សនេះ ប្ដូរឈ្មោះជាគណបក្ស សម រង្ស៊ី វិញ។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានកែប្រែច្បាប់នយោបាយម្ដងទៀត ដែលបង្ខំឲ្យគណបក្សនេះសម្រេចប្ដូរឈ្មោះទៅតាមរូបសញ្ញា គឺ គណបក្សភ្លើងទៀន រហូតដល់សព្វថ្ងៃ។
គណបក្សភ្លើងទៀន បានផ្អាកសកម្មភាពទាំងស្រុងរយៈពេល៤ឆ្នាំមកហើយ តាំងពីពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧មក ហើយទើបតែធ្វើសមាជឡើងវិញកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីដាក់ចេញយុទ្ធសាស្ត្រផ្សះផ្សាជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕