រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រុមការងារខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២ និងលោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការ។
ថ្លែងនៅចំពោះមុខសមាជិក សមាជិកា ប្រមាណ៧០នាក់ ដែលជាថ្នាក់ដឹកនាំខណ្ឌទាំង១៤ ឯកឧត្ដម ថាច់ សេដ្ឋា មានប្រសាសន៍កោតសរសើរនូវវីរភាពរបស់បងប្អូនសកម្មជនទាំងអស់ដែលនៅបន្តការតស៊ូដើម្បីនាំលទ្ធិប្រជាធិបតេយ្យពេញលេញជូនប្រជាពលរដ្ឋខ្មែរ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះសុទ្ធតែមានឧត្ដមគតិខ្ពស់ តម្លៃកាត់ថ្លៃមិនបាន ពីព្រោះគេទិញមិនបាន។
(*)កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមយ៉ាងផុសផុលជាមួយគណបក្សភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។
គណបក្សភ្លើងទៀន មានឈ្មោះដើមមកពីគណបក្សជាតិខ្មែរ ដែលជាគណបក្សប្រឆាំងតែមួយគត់ ត្រូវបានបង្កើតដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ ក្រោយមកនៅឆ្នាំ១៩៩៨ រដ្ឋាភិបាលបានកែប្រែច្បាប់ចាប់បង្ខំឲ្យគណបក្សនេះ ប្ដូរឈ្មោះជាគណបក្ស សម រង្ស៊ី វិញ។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានកែប្រែច្បាប់នយោបាយម្ដងទៀត ដែលបង្ខំឲ្យគណបក្សនេះសម្រេចប្ដូរឈ្មោះទៅតាមរូបសញ្ញា គឺគណបក្សភ្លើងទៀន រហូតដល់សព្វថ្ងៃ។
គណបក្សភ្លើងទៀន បានផ្អាកសកម្មភាពទាំងស្រុង៤ឆ្នាំមកហើយ តាំងពីពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧មក ហើយទើបតែធ្វើសមាជឡើងវិញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីដាក់ចេញយុទ្ធសាស្ត្រផ្សះផ្សាជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕