លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច

0
ចុចតំណភ្ជាប់

ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងកម្មវិធីសមាជវិសាមញ្ញគណបក្សថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២២។ទឹកចិត្តអង់អាចក្លាហាន មិនតក់ស្លុត មិនរុញរា មិនរង់ចាំ ក្រោកឈរព្រមគ្នា ចូលរួមយ៉ាងសកម្មបំផុតជាមួយ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងពិតប្រាកដ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យសេរី នៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២នេះ ហើយប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្ចាស់ប្រទេស និងស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ នៅកម្ពុជា។

នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណបក្សភ្លើងទៀនបានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដោយមានសមាជិក-សមាជិកាមកពីទូទាំងប្រទេសប្រមាណ ៦.០០០(ប្រាំមួយពាន់)នាក់ ដែលជាប្រធានអនុប្រធាន សមាជិកក្រុមការងារបណ្ដោះអាសន្ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងតំណាងសកម្មជនទូទាំងប្រទេសដើម្បីអនុម័តគាំទ្រលើគោលនយោបាយចំនួន ៧ចំណុចយកទៅអនុវត្តក្រោយពេលដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥។

គោលនយោបាយ ៧ចំណុច៖

១-គោរពសិទ្ធិអំណាចពលរដ្ឋ ការគោរពសិទ្ធិអំណាចពលរដ្ឋ គឺជាគោលនយោបាយអាទិភាពដែលកំណត់អំពីតម្លៃនៃការដឹកនាំនិងការគ្រប់គ្រង តាមបែបប្រជាធិបតេយ្យនៃថ្នាក់មូលដ្ឋាន។មេឃុំ-ចៅសង្កាត់ គណបក្សភ្លើងទៀន មានឆន្ទៈយ៉ាងមុតមាំ:*** គាំទ្រនិងលើកទឹកចិត្ត អោយប្រជាពលរដ្ឋ ចូលរួមស្រាវជ្រាវ និងផ្តល់យោបល់ អំពីមូលហេតុនិងឧបសគ្គទាំងឡាយណា ដែលកំពុងបង្ករជាបញ្ហា ដល់ការរស់នៅនិងការអភិវឌ្ឍន៍ ហើយខិតខំដោះស្រាយជូនពួកគាត់ អោយបានសមស្រប និងប្រកបដោយប្រសិទ្ធិភាព ។ *** រាល់កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវអញ្ជើញពលរដ្ឋអោយ ចូលរួមអង្កេតការណ៍ ដើម្បីធានាថា រាល់ការសម្រេចចិត្ត ពិតជាបានធ្វើឡើងប្រកបដោយ តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ។

២-សេវាសាធារណៈ មេឃុំ ចៅសង្កាត់ គណបក្សភ្លើងទៀន*** ប្រកាន់ខ្ជាប់នូវឥរិយាបថ រួសរាយនិងរាក់ទាក់ បញ្ជាក់ពីភាពមិនរើសអើងពីនិន្នាការ នៅក្នុងការបំរើសេវាផ្សេងៗជូនប្រជាពលរដ្ឋ*** ផ្តល់សេវាបញ្ជាក់លិខិតស្នាមនានា អោយបានរហ័សនិងទាន់ពេល ដោយមិនទាមទារយកកំរៃក្រៅផ្លូវការ ដើម្បីធានាអោយបានថា បញ្ហាយឺតយ៉ាវត្រូវបានលុបបំបាត់ និងបានកម្ចាត់នូវអំពើពុករលួយ ។*** ទទួលពាក្យបណ្តឹង ឬការតវ៉ារបស់ប្រជាពលរដ្ឋ ហើយដោះស្រាយជូនពួកគាត់ អោយបានត្រឹមត្រូវ និងនៅទាន់ពេលវេលា

៣- ការពង្រឹងសេវាសន្តិសុខ មេឃុំ ចៅសង្កាត់ គណបក្សភ្លើងទៀន :*** នឹងខិតខំសហការណ៍ប្រកបដោយការទទួលខុសត្រូវជាមួយកងកម្លាំងនគរបាលឃុំ-សង្កាត់ ក្នុងការពង្រឹងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាអោយបាននូវ សេចក្តីសុខនិងសុវត្ថិភាព ជូនពលរដ្ឋក្នុងសហគមន៍។*** លើកទឹកចិត្តអោយមានការចូលរួមពីមហាជន ជាពិសេសពីសំណាក់ក្រុមយុវជន ក្នុងការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន*** ខិតខំទប់ស្កាត់និងលប់បំបាត់ នូវរាល់បទល្មើសទាំងឡាយណា ដែលកើតចេញពីការប្រព្រឹត្តនូវអំពើអបាយមុខ ដែលនាំអោយប៉ះពាល់ដល់ សេចក្តីសុខនិងភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ។

៤- ការអភិវឌ្ឍន៍មូលដ្ឋាន មេឃុំ-ចៅសង្កាត់ គណបក្សភ្លើងទៀន :*** មានគោលជំហរ ការពារដីធ្លីនិងផ្ទះសម្បែង របស់ប្រជាពលរដ្ឋ អោយរួចផុតពីការរំលោភបំពាននានា ដោយមិនអនុញ្ញាតិអោយមាននូវរាល់ការអភិវឌ្ឍន៍ទាំងឡាយណា ដែលបង្កអោយមានការប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងជីវភាពប្រជាពលរដ្ឋ ។*** ចូលរួមអភិវឌ្ឍធនធានមនុស្ស តាមមធ្យោបាយនានាដែលអាចធ្វើទៅបាន មានដូចជា ការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ បច្ចេកទេសនៃការដាំដុះ ឬជំនាញក្នុងការផលិត សំរាប់ផ្នែកសិប្បកម្ម ។*** លើកទឹកចិត្ត និងជួយសំរបសំរួលមុខរបររកស៊ី ឬការបង្កើតសិប្បកម្មទាំងឡាយណា ដែលជួយជំរុញដល់ការបង្កើតការងារក្នុងសហគមន៍ ។*** លៃលកប្រើប្រាស់ថវិការឃុំសង្កាត់មួយផ្នែកណា ដើម្បីទុកបង្ការជួយដល់ ជនចាស់ជរា ក្មេងកំព្រា ឬគ្រួសារជនក្រីក្រ និងកូនកម្មករចំណាកស្រុក ។

៥- សេវាប្រឹក្សាយោបល់លើការខ្ចីប្រាក់ បញ្ហាបំណុលអាចជាឬសគល់នៃភាពក្រីក្រ ។ កសិករ កម្មករ ដែលមិនអាចរកប្រាក់សងបំណុលគេបាន ត្រូវតែបង្ខំចិត្តលក់គោក្របី ដីធ្លីឬផ្ទះសម្បែង ដើម្បីសំណង ។ មូលហេតុសំខាន់ៗ ដែលធ្វើអោយពលរដ្ឋជាប់ផុងនៅក្នុងអន្ទាក់នៃបំណុល គឹការខ្ចីបុលប្រាក់ក្រៅប្រព៍ន្ធធនាគារ (ដែលម្ចាស់បំណុលទាមទារអត្រាការប្រាក់ខ្ពស់) ការចំណាយ ការទិញ ឬបង់រំលោះសម្ភារៈ ពុំចាំបាច់ផ្សេងៗ ។ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ មេឃុំ-ចៅសង្កាត់គណបក្សភ្លើងទៀន:*** នឹងបង្កើតអោយមានសេវា់ជួយប្រឹក្សានិងផ្តល់យោបល់ដល់ពលរដ្ឋណា ដែលត្រូវការសេវាប្រាក់កម្ចីពីធនាគារ ឬពីក្រៅប្រព័ន្ធធនាគារ ដើម្បីជួយការពារនិងទប់ស្កាត់រាល់វិបត្តិ ដែលបណ្តាលមកពីការខ្ចីប្រាក់ ពិសេសចំពោះអ្នកដែលមានប្រាក់ចំណូលមិនទៀងទាត់ ដោយមិនត្រូវទុកអោយពួកគាត់ជាប់ផុងក្នុងអន្លុងបំណុលឡើយ។*** ផ្តល់ព័ត៌មានពីស្ថាប័នហិរញ្ញវត្ថុ និងធនាគារទាំងឡាយណាដែលមានអត្រាការប្រាក់ទាប និងងាយមានភាពអនុគ្រោះដល់កូនបំណុល ។*** យកចិត្តទុកដាក់ជួយផ្តល់ឯកសារចាំបាច់ទាំងឡាយណា សម្រាប់បំរើក្នុងសេវាប្រាក់កម្ចី ដោយមិនទាមទារយកប្រាក់កំរៃកុំសូម្បីតែបន្តិចបន្តួចណាក៏ដោយ ។

៦- សេវាសុខាភិបាល (ការពារនិងព្យាបាលសុខភាព) :មេឃុំ ចៅសង្កាត់ គណបក្សភ្លើងទៀន :*** មានឆន្ទៈជួយដោយស្មោះស្ម័គ្រ ក្នុងការចេញប័ណ្ណបញ្ជាក់ពីភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ដែលជាលក្ខ័ណ្ឌចម្បងសម្រាប់កំណត់ ការព្យាបាលជម្ងឺដោយមិនមានការបង់ប្រាក់ ។*** ជួយជម្រុញ និងសហការណ៍ យ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យជំនាញនានា នៃមណ្ឌលសុខភាពក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណាអោយពលរដ្ឋគ្រប់ៗរូបទទួលបាន ការព្យាបាលជម្ងឺតាមបច្ចេកទេសសមស្រប និងប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ ។*** ចូលរួមជួយជំរុញយ៉ាងសកម្មដល់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ឬការចាក់ថ្នាំបង្ការជម្ងឺនានា ដល់កុមារនិងគ្រប់ក្រុមគ្រួសារពលរដ្ឋទាំងអស់ ដែលបាននិងកំពុងរស់នៅក្នុងសហគមន៍ ។

៧- ការសិក្សាអប់រំ :គណបក្សភ្លើងទៀន មានចៅសង្កាត់ និងមេឃុំ*** ប្រឹងប្រែងខិតខំសហការណ៍ដោយយកចិត្តទុកដាក់ ជាមួយលោកគ្រូ អ្នកគ្រូ គ្រប់ជាន់ថ្នាក់ក្នុងសាលានៅមូលដ្ឋាន សំដៅធ្វើយ៉ាងណាអោយកូនៗប្រជាពលរដ្ឋ ទទួលបានការសិក្សា មិនថាតែយុវជន ឬកុមារ ពិសេសគឺសមាជិកនៃក្រុមគ្រួសារដែលក្រីក្រ *** ជួយជ្រោមជ្រែង និងលើកទឹកចិត្ត ដល់យុវជនអោយត្រូវតែខិតខំបន្តការសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

សូមពិនិត្យមើលអ៊ីម៉េលដើម្បីបញ្ជាក់ជាស្ថាពរ Check your inbox or spam folder to confirm your subscription.

No comments

Leave a reply

Please enter your comment!
Please enter your name here

Exit mobile version