បេក្ខជនមេឃុំបក្សភ្លើងទៀនម្នាក់នៅឧត្ដរមានជ័យត្រូវជនមិនស្គាល់មុខជិះម៉ូតូកៀរឱ្យរបួសធ្ងន់
ដោយ ទីន ហ្សាការីយ៉ា
Op-Ed and Primary Source: RFA 2022.05.27
បេក្ខជនមេឃុំគណបក្សភ្លើងទៀនម្នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យអះអាងថា មានជនមិនស្គាល់មុខ ២នាក់បានជិះម៉ូតូកៀរផ្ដួលម៉ូតូអ្នកស្រី ក្រោយពីចូលរួមឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី២៤ ឧសភា បណ្ដាលឱ្យរបួសជើងម្ខាង។ អ្នកស្រីចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីរារាំងកុំឱ្យអ្នកស្រីចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
ជនមិនស្គាល់មុខជិះម៉ូតូកៀរផ្ដួលម៉ូតូសកម្មជនគណបក្សភ្លើងទៀន ស្រុកត្រពាំងប្រសាទ អ្នកស្រី សន ចាន់ថន។ អ្នកស្រីឱ្យដឹងថា ជនមិនស្គាល់មុខ ២នាក់បានធាក់ម៉ូតូអ្នកស្រីដួលទៅលើចិញ្ចើមផ្លូវ ក្នុងពេលកំពុងធ្វើដំណើរនៅម្ដុំឃុំត្រពាំងប្រាសាទ បណ្ដាលជាំក្បាលជង្គង់ខាងឆ្វេង។
បេក្ខនារីមេឃុំត្រពាំងប្រាសាទ គណបក្សភ្លើងទៀនអ្នកស្រី សន ចាន់ថន ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៦ ឧសភាថា ជនមិនស្គាល់មុខទាំង ២នាក់នោះបានជិះម៉ូតូគេចខ្លួនយ៉ាងលឿនក្រោយពីធាក់ផ្ដួលម៉ូតូអ្នកស្រី ក្នុងពេលធ្វើដំណើរឆ្ពោះទៅទីរួមខេត្តឧត្ដរមានជ័យ ដើម្បីទៅចូលរួមឃោសនារកសំឡេងឆ្នោតជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ អ្នកស្រីជឿជាក់ថា រឿងនេះជាការប៉ងធ្វើបាបអ្នកស្រី ដើម្បីឱ្យដកខ្លួនចេញពីបេក្ខនារីឈរឈ្មោះមេឃុំគណបក្សភ្លើងទៀន៖ «ខ្ញុំគិតថា ប្រហែលជាការប៉ុនប៉ងផ្នែកនយោបាយហើយ ព្រោះដោយសារពីដើមមក គឺខ្ញុំអត់ដែលមានបញ្ហាអីជាមួយបងប្អូនណាទេ។ គ្នាគេ ២នាក់ ប៉ុន្តែពេលហ្នឹងមេឃភ្លៀងខ្លាំង ខ្ញុំក៏អត់បានចាំស្លាកលេខ ហើយក៏គេអត់មានងាកក្រោយអីទេ។ គេពាក់មូលសុវត្ថិភាព គេដឹងថា ខ្ញុំដួលហើយគេអត់ងាកក្រោយទេ គេជិះម៉ូតូទៅលឿនតែម្ដង។ ប្រសិនជាប្រជាពលរដ្ឋស្លូតត្រង់ ដែលគាត់អត់មានបំណង ក៏គាត់ឈប់ម៉ូតូមើលខ្ញុំ ប៉ុន្តែនេះគឺថា គាត់ធាក់ខ្ញុំហើយ គាត់មិនងាកក្រោយតែម្ដង»។
អ្នកស្រីបន្តថា បើទោះជាជួបគ្រោះថ្នាក់បែបនេះក្ដី ក៏អ្នកស្រីមិនប្ដឹងទៅប៉ូលិស ដើម្បីឱ្យតាមចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសដែរ ព្រោះគ្មានជំនឿទៅលើសមត្ថកិច្ច។
ទាក់ទងនឹងបញ្ហានេះអធិការនគរបាលស្រុកត្រពាំងប្រាសាទ លោក អ៊ូច ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំទាន់ទទួលដំណឹងពីជនមិនស្គាល់មុខជិះម៉ូតូកៀរសកម្មជនបក្សភ្លើងទៀននេះនៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនជឿថា រឿងនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដូចការលើករបស់សកម្មជនបក្សភ្លើងទៀននោះទេ។ លោកសោកស្តាយ ដែលបេក្ខជនគណបក្សភ្លើងទៀនបាត់ជំនឿលើអាជ្ញាធរមូលដ្ឋាន។ លោកអះអាងថា កន្លងមក លោកតែងតែដោះស្រាយបណ្ដឹងរបស់ពលរដ្ឋដោយមិនរើសអើងនិន្នាការបក្សនយោបាយនោះទេ៖ «កាត់ប្រសាសន៍បងក្នុងខេត្តផ្សេងៗ ខ្ញុំអត់ដឹងទេ ចំពោះស្រុកត្រពាំងប្រាសាទ គឺមិនដែលឃើញមានសកម្មជនណាមួយរបស់គណបក្សផ្សេងៗ ហ្នឹង មានបញ្ហាពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចដែរ។ ដូចអត់មានទេ។ មកដល់ម៉ោងនេះ គឺអត់មានទេ។ ប៉ុន្តែ អ្វីដែលគាត់ប្ដឹងទៅវិទ្យុអាស៊ីសេរីហ្នឹង មិនដឹងថា គាត់មានគោលបំណងយ៉ាងម៉េច ខ្ញុំអត់ដឹងទេ»។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន យល់ថា ការផ្ដួលម៉ូតូសកម្មជនគណបក្សភ្លើងទៀននេះអាចជាការបំភិតបំភ័យផ្នែកនយោបាយ ព្រោះជនរងគ្រោះជាបេក្ខនារីមេឃុំគណបក្សភ្លើងទៀន ដែលជាឆ្អឹងទទឹងករបស់គណបក្សកាន់អំណាច។ លោក ស្រី ណារ៉េន ស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ដើម្បីកុំឱ្យពួកគេចេះតែដើរវាយធ្វើបាបសកម្មជននយោបាយតាមអំពើចិត្តទៀត៖ «ពីព្រោះគាត់ជាបេក្ខភាព ហើយនៅពេលគាត់ឃោសនារកសំឡេងឆ្នោតចប់។ អីចឹង គាត់ធ្វើសកម្មភាពមកខេត្តឧត្ដរមានជ័យ។ អីចឹង គាត់ប្រាប់ខ្ញុំនៅលើមធ្យោបាយធ្វើដំណើររបស់គាត់ហ្នឹងគាត់មានបិទស្លាកគណបក្សភ្លើងទៀនអ៊ីចឹង។ អាហ្នឹងហើយដែលយើងគិតថា វាមិនមែនជាប្រជាពលរដ្ឋសាមញ្ញ គឺគាត់ជាអ្នកប្រកួតប្រជែង ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋអីចឹងណា»។
លោក ស្រី ណារ៉េន ឱ្យដឹងថា ចាប់តាំងពីខែធ្នូឆ្នាំ២០២១ មកដល់ពេលនេះ មានសកម្មជនបក្សភ្លើងទៀននៅខេត្តឧត្ដរមានជ័យជាច្រើននាក់ហើយ ដែលរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរបក្សកាន់អំណាច ក្នុងនោះមានសកម្មជនម្នាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ដោយសើរើសំណុំរឿងចាស់ពាក់ព័ន្ធនឹងគម្រោងការធ្វើមាតុភូមិនិវត្តរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ លោកថា ក្រៅនោះនៅមានសកម្មជនបក្សនេះមួយចំនួនទៀតត្រូវបានអាជ្ញាធរដើរបំភិតបំភ័យឱ្យពួកគេដកខ្លួនចេញពីគណបក្សភ្លើងទៀន។ លោកមើលឃើញថា ប្រសិនស្ថានការណ៍នយោបាយនៅតែអាប់អួរដូចសព្វថ្ងៃនេះនឹងធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ដំណើរការបោះឆ្នោតនៅខែមិថុនាខាងមុខនឹងប្រព្រឹត្តទៅគ្មានភាពសេរី និងត្រឹមត្រូវឡើយ៕