តុលាការក្រុងភ្នំពេញ កំពុងស៊ើបអង្កេតករណីប្តឹងលោក សុន ឆ័យ
Op-Ed: VOA Khmer 23 មិថុនា 2022
ភ្នំពេញ —
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថាអយ្យការកំពុងស៊ើបអង្កេតករណីបណ្តឹងប្រឆាំងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលរងពាក្យបណ្តឹងពីគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ប្លង់ សុផល អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាតំណាងអយ្យការកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធីរបស់ខ្លួន។ លោកបន្ថែមថាតំណាងអយ្យការមិនទាន់អាចសម្រេចថានឹងមានការចោទប្រកាន់ ឬយ៉ាងណានោះទេ ព្រោះការស៊ើបអង្កេតមិនទាន់ចប់នៅឡើយ។
លោក សុន ឆ័យ រងពាក្យបណ្តឹងចំនួនពីរ គឺពីគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អង្គហេតុនៃពាក្យបណ្តឹងរបស់គ.ជ.ប គឺដូចគ្នានឹងអង្គហេតុដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការថ្លែងរបស់លោក សុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី។ ការថ្លែងរបស់លោក សុន ឆ័យ ដែលឈានទៅដល់ការប្តឹងផ្តល់នេះ គឺពាក់ព័ន្ធនឹងពាក្យពេចន៍មួយចំនួនដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។
គ.ជ.ប បញ្ជាក់ថាការលើកឡើងនេះបានប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ស្ថាប័ន ដើម្បីធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងពាក្យបណ្តឹងនោះ ស្ថាប័នគ.ជ.ប បានស្នើសូមតុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសគ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១០លានរៀល។
ចំណែកគណបក្សកាន់អំណាច បានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិក ពីលោក សុន ឆ័យ ផងដែរ។
លោក សុន ឆ័យ ដែលកំពុងស្ថិតនៅក្រៅប្រទេសហើយអះអាងថាលោកនឹងវិលត្រឡប់ចូលប្រទេសវិញឆាប់ៗនេះ ធ្លាប់ប្រាប់វីអូអេថាអ្វីដែលលោកបានថ្លែង គឺយោងទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីកន្លងទៅ ហើយគណបក្សដទៃទៀត និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏រកឃើញភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតផងដែរ។ លោកបញ្ជាក់ថា លោកនឹងពិនិត្យមើលថាតើពាក្យពេចន៍របស់លោកលើសលោះត្រង់ចំណុចណា រហូតដល់មានការប្តឹងប្រឆាំងរូបលោកទៅតុលាការបែបនេះ៕