២៥ មិថុនា ២០២២
គណបក្សភ្លើងទៀនបើកកិច្ចប្រជុំគណៈកម្មាធិការនាយកអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស
=====
នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់គណបក្សដែលមានទីតាំងនៅផ្ទះលេខ៣២០ បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្ស។
ថ្វីបើមានការជជែកដេញដោលគ្នាខ្លះក្ដី កិច្ចប្រជុំគណៈកម្មាធិការនាយក បានសម្រេចអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស រួមមាន ៨ជំពូក និង ៣៧មាត្រា។
បទបញ្ជាផ្ទៃក្នុងថ្មីនេះ ត្រូវបានអានដោយលោក ជា ស៊ីណា មន្ត្រីខុទ្ទកាល័យនិងជាសមាជិកគណៈកម្មាធិការនាយក ១ជំពូកម្តងៗ មុនពេលជូនលោក ទាវ វណ្ណុល ប្រធានគណបក្ស ប្រកាសអោយសមាជិកគណៈកម្មាធិការនាយកប្រមាណ៦០នាក់ អនុម័តដោយការលើកដៃ។
លោក ទាវ វណ្ណុល៖”ខ្ញុំសុំអង្គប្រជុំទាំងមូលរបស់គណបក្សនៅថ្ងៃនេះ មេត្តាអនុម័តនូវជំពូកទី១ នៃបទបញ្ជាផ្ទៃក្នុងថ្មីគណបក្សរបស់យើង សូមមេត្តាអនុម័ត។”
លោក ថាច់ សេដ្ឋា និងលោកចេប គឹមអ៊ាង អនុប្រធានគណបក្ស ព្រមទាំងលោកអគ្គលេខាធិការ លី សុធារ៉ាយុត្តិ ក៏មានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ៕