គណបក្ស ភ្លើងទៀន បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល ហើយនៅពេលនោះ គណបក្ស ភ្លើងទៀន បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឲ្យឯកសារមួយចំនួនរបស់គណបក្ស រួមទាំងច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ផង ត្រូវបានបាត់បង់។
គណបក្ស ភ្លើងទៀន បានខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយពាក់ព័ន្ធប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ ដោយធ្វើទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ តាំងពីដើមខែមេសា ឆ្នាំ២០២៣ មុនដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការចេញប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅពុំទាន់ផ្ដល់ដំណោះស្រាយអ្វីដល់គណបក្ស ភ្លើងទៀន ក្រៅតែពីចេញលិខិតបញ្ជាក់លេខ ០៤៣ ប ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនទទួលស្គាល់ និងមិនអនុញ្ញាតឲ្យគណបក្ស ភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នោះឡើយ។
គណបក្ស ភ្លើងទៀន នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃ ហើយសង្ឃឹមថាក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងជួយផ្ដល់ដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន ដើម្បីគណបក្ស ភ្លើងទៀន យកមកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់នៅពេលខាងមុខ។





