នៅព្រឹកថ្ងៃអាទិត្យទី ២៧ ខែមីនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដឹកនាំដោយលោក អេង ស្រូយ ប្រធានក្រុមការងារខេត្តបណ្ដោះអាសន្ន បានរៀបចំពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សភ្លើងទៀន ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដោយមានការអញ្ជើញចូលរួមពីលោក ថាច់ សេដ្ឋា អនុប្រធានទី១គណបក្ស លោក សុន ឆ័័យ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងលោក សួន វ៉ាន់ឡេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចុះជួយភូមិភាគទី២(ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំជាច្រើនរូបទៀត ជាមួយនិងវត្តមានបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតប្រមាណ៥០០នាក់ នៃខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឳកាសនេះ លោក ទាវ វណ្ណុល បានជម្រាបជូនសកម្មជន សកម្មនារី ថាលោកគឺជាស្ថាបនិកមួយរូបនៃចលនាតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាំងពីគណបក្សជាតិខ្មែរ រហូតមកដល់គណបក្សភ្លើងទៀន លោកថានឹងមិនបោះបង់ចោលសកម្មជនណាម្នាក់ឡើយ ហើយត្រូវរួបរួមគ្នាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្នាស់ប្រទេស។ ចំណែកលោកអនុប្រធាន ថាច់ សេដ្ឋា បានថ្លែងសង្កត់ធ្ងន់លើការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌ដែលកើតមានឡើងក្នុងសង្គមជាតិយើងសព្វថ្ងៃ។
លោក សុន ឆ័យ ឯណោះវិញបានថ្លែងទៅកាន់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ឲ្យរៀបចំខ្លួនធ្វើជាមន្ត្រីល្អ ជាគម្រូសម្រាប់ប្រទេសជាតិ ដោយផ្ដោតលើការបម្រើប្រជាពលរដ្ឋ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសជាតិ ជាធំ។
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ខណៈដែលគណបក្សភ្លើងទៀន កំពុងធ្វើដំណើរឆ្ពោះទៅការសម្រេចគោលដៅក្នុងការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់៕























