នៅខាងក្រៅនៃការប្រារព្ធខួបលើកទី ៣០ របស់ខ្លួននៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ បានធ្វើពិធីផ្ទេរភារកិច្ចដឹកនាំ ពីគណបក្សសេរីនិយម (LP) នៃប្រទេសហ្វីលីពីន ជូនទៅគណបក្ស ភ្លើងទៀន (CLP) របស់កម្ពុជា។ តំណែងប្រធាន CALD ត្រូវប្ដូរវេនក្នុងចំណោមសមាជិកបក្សរបស់ខ្លួនរៀងរាល់ពីរឆ្នាំម្តង។
គណបក្ស ភ្លើងទៀន (CLP) បានជ្រើសរើសអគ្គហេរញ្ញិករបស់ខ្លួន ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់វស្សាម្នាក់របស់ CALD គឺ លោក សេង ម៉ារឌី (Mardi Seng) ឲ្យទទួលតំណែងជាប្រធាន CALD សម្រាប់អាណត្តិថ្មី។
លោក សេង ម៉ារឌី ជាអតីតសមាជិកព្រឹទ្ធសភាកម្ពុជា ដែលធ្លាប់បម្រើការជាលេខាគណៈកម្មាធិការប្រឆាំងអំពើពុករលួយផងដែរ។ លោកក៏ធ្លាប់បម្រើការជាអគ្គហេរញ្ញិកនៃអតីតគណបក្ស សម រង្ស៊ី ហើយបានចូលរួមដឹកនាំយុទ្ធនាការបោះឆ្នោតរបស់គណបក្សចំនួនបួនលើកមកហើយ។
លោក សេង ម៉ារឌី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីមហាវិទ្យាល័យ Calvin និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Northeastern ក្នុងទីក្រុង Boston សហរដ្ឋអាមេរិក។
ចុចលើតំណរភ្ជាប់ (Link) នេះ ដើម្បីអានព័ត៌មានបន្ថែម(ជាភាសាអង់គ្លេស)៖ http://cald.org/cald-has-new-set-of-officials/



