ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួបគម្រប់ ២៥ឆ្នាំ នៃសោកនាដកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ ដោយក្រុមឧក្រិដជន នៅមុខអតីតមន្ទីររដ្ឋសភាជាតិ រាជធានីភ្នំពេញ មកលើក្រុមបាតុករអហិង្សា ដែលកំពុងធ្វើបាតុកម្មដោយសន្តិវិធី បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរងរបួសប្រមាណ ២០០នាក់ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។
នៅព្រឹកនេះ គណបក្សភ្លើងទៀន បានរៀបចំប្រារព្ធពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃចំនួន ០៧អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្ស រួមមានលោកថាច់ សេដ្ឋា លោកចេប គឹមអ៊ាង លោកលី សុធារ៉ាយុត្តិ លោកសេង ម៉ារឌី លោកយូ ស៊ាងហេង លោកហុង សុខហួរ លោក សុន ឆ័យ លោកស្រីលី នារី លោកស្រីឡាយ បូនី លោកចាន់ ចេង លោកស្រីពត ពៅ និងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំរាជធានី ខេត្ត ព្រមទាំងសកម្មជន និងយុវជនប្រមាណ ២០០នាក់៕


















