ផ្សាយផ្ទាល់៖ សមាជវិសាមញ្ញគណបក្សភ្លើងទៀន ១៥ ឧសភា ២០២២
===
គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សកំពុងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩ (ផ្លូវផ្សារដីហុយ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា)។អបអរសាទរសមាជវិសាមញ្ញគណបក្សភ្លើងទៀន ១៥ ឧសភា ២០២២!
សមាជគណបក្សភ្លើងទៀនអនុម័តគោលនយោបាយ៧ចំណុចចូលរួមការបោះឆ្នោតឃុំ-សង្កាត់
ដោយ អាស៊ីសេរី
2022.05.15
អង្គសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
អង្គសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀនបានអនុម័តគាំទ្រលើគោលនយោបាយចំនួន ៧ចំណុចសម្រាប់ចូលរួមឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ និងយកទៅអនុវត្តក្រោយពេលដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥។ ពួកគេរំពឹងខ្ពស់ថា គោលនយោបាយនេះនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ អ្នកវិភាគមើលឃើញថា ស្មារតីដើម និងសន្ទុះគាំទ្រនោះនឹងធ្វើឱ្យបក្សភ្លើងទៀនក្លាយជាគូប្រជែងដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា។
សមាជិកគណបក្សភ្លើងទៀនទូទាំងប្រទេសប្រមាណ ៦.០០០(ប្រាំមួយពាន់)នាក់ ដែលជាប្រធានអនុប្រធាន សមាជិកក្រុមការងារបណ្ដោះអាសន្ន និងតំណាងសកម្មជនទូទាំងប្រទេសបានចូលរួមសមាជវិសាមញ្ញនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ឧសភា ។ អង្គសមាជនេះ បានលើដៃអនុម័តសម្រេចចូលរួមប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅដើមខែក្រោយនេះ។
===
VOD: សមាជបក្សភ្លើងទៀនសម្រេចចូលរួមបោះឆ្នោតខាងមុខ ទោះមានការធ្វើទុក្ខបុកម្នេញសកម្មជនបន្តបន្ទាប់ក្តី
- លោក សូត សុខប្រាថ្នា
- | ១៥ ឧសភា ២០២២
- ម៉ោង ១៥:៥២
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននាំគ្នាក្រោកឈរដោយសម្តែងការអបអរសាទរ ក្នុងឱកាសសមាជវិសាមញ្ញរបស់គណបក្សនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀន)
សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន បានអនុម័តសម្រេចជាផ្លូវការថា នឹងចូលរួមការបោះឆ្នោតខាងមុខ ដើម្បីជំរុញឱ្យមានការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈសកម្មជនរបស់ខ្លួនរងការគំរាមកំហែង បំភិតបំភ័យពីសំណាក់អាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ និងខ្លះរងបណ្តឹងនៅតុលាការថែមទៀតផង។
ថ្លែងក្នុងឱកាសសមាជនវិសាមញ្ញគណបក្សនៅព្រឹកថ្ងៃអាទិត្យនេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងនូវគោលនយោបាយគណបក្សមួយចំនួន ដែលបានដាក់ចេញសម្រាប់ត្រៀមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែមិថុនាខាងមុខ។
ជាមួយគ្នានោះ លោកបានអនុញ្ញាតឱ្យអង្គសមាជវិសាមញ្ញអនុម័តដោយលើកដៃ ដើម្បីសម្រេចថាតើត្រូវចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខឬអត់? ជាលទ្ធផលអង្គសមាជបានលើកដៃគ្រប់គ្នា ដោយលោក សុន ឆ័យ អះអាងថា សំឡេង១០០ភាគរយ លើ១០០ភាគរយ ដោយយល់ព្រមឱ្យចូលរួមការបោះឆ្នោតខាងមុខ។
លើសពីនេះ អង្គសមាជក៏បានអនុម័តយល់ព្រមឱ្យប្រើប្រាស់នូវគោលនយោបាយទាំង៧ចំណុច សម្រាប់យកទៅប្រកួតប្រជែនក្នុងការបោះឆ្នោតខាងមុខ និងយកទៅប្រើប្រាស់ពេលបក្សរបស់ខ្លួនឈ្នះការបោះឆ្នោតផងដែរ។
លោក សុន ឆ័យ៖«ថាតើគណបក្សភ្លើងទៀនត្រូវចូលរួមការបោះឆ្នោតឬអត់? [……]។ បើបងប្អូនគិតថាយើងត្រូវចូលរួមការបោះឆ្នោតបានសុំលើកដៃ។ […….]១០០ភាគរយទៀតហើយ [លើកដៃ] ១០០ភាគរយទាំងអស់។ គណបក្សភ្លើងទៀន ធ្វើអ្វីក៏ដោយគឺ ១០០ភាគរយ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទុកចិត្តបាន១០០ភាគរយ។ យើងនឹងចូលរួមការបោះឆ្នោតខាងមុខនេះ»។
អគ្គលេខាធិការនៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានឡើងអានរបាយការណ៍ក្នុងឱកាសសមាជនោះថា មកដល់ពេលបច្ចុប្បន្នគណបក្សក្រៅរដ្ឋាភិបាលមួយនេះបានរៀបចំបេក្ខជនសម្រាប់ឈរឈ្មោះការបោះឆ្នោតឃុំ-សង្កាត់ខាងមុខបានចំនួន១ ៦២៣ ក្នុងចំណោមឃុំ-សង្កាត់សរុប១ ៦៥២ នៅទូទាំងប្រទេសបន្ទាប់ពីមានភាពចម្រូងចម្រាស់ ដោយគ.ជ.ប បានសម្រេចលុបបញ្ជីឈ្មោះបេក្ខភាពរបស់ខ្លួននៅឃុំសង្កាត់មួយចំនួន។
លោកបន្តថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យបក្សនេះមិនអាចរៀបចំចុះបញ្ជីបេក្ខជនឱ្យគ្រប់ឃុំ-សង្កាត់បាន ដោយសារបញ្ហាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើសកម្មជនរបស់ខ្លួន និងការចោទប្រកាន់ផ្សេងៗផងដែរ។ ចុចទីនេះដើម្បីទទួលបានព័ត៌មានថ្មីៗពីបណ្ដាញសង្គមតេឡេក្រាម VOD News
បន្ថែមពីនេះ លោកអះអាងថា គណបក្សក៏បង្ហាញការសោកស្តាយដែរ ដោយសារមិនអាចរៀបចំភ្នាក់ងារសង្កេតការណ៍បោះឆ្នោតនៅពេលខាងឱ្យមុខឱ្យបានគ្រប់ ១០០ភាគរយ ពោលគឺបក្សនេះរៀបចំបានតែ៨០ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេស ក្រោមហេតុផលថា អាជ្ញាធរបានធ្វើទុក្ខបុកម្នេញ ការទិញទឹកចិត្ត បំភិតបំភ័យ មិនឱ្យពួកគេចូលរួមធ្វើជាភ្នាក់ងារសង្កេតការណ៍ឱ្យបក្សនេះបាន។
លោកបន្តថា៖ «ជាការពិតដោយមិនអាចលាក់បាំងបាន ក្នុងរយៈពេល៥ខែនេះ គណបក្សភ្លើងទៀនជាគណបក្សមួយដែលរងទទួលនូវការបំភិតបំភ័យ ដែលរងទទួលនូវការរំខាន ការយាយីផ្នែកនយោបាយ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ជាពិសេសពីសំណាក់មន្ត្រីនៅមូលដ្ឋាន និងអ្នកមានអំណាចមួយចំនួនទៅលើសកម្មជនមួយចំនួន ទៅលើសមាជិកសមាជិកាគណបក្សភ្លើងទៀន។ ទៅលើបេក្ខជននិងភ្នាក់ងារអ្នកសង្កេតការណ៍គណបក្សភ្លើងទៀន»។
បេក្ខជនឈរឈ្មោះចៅសង្កាត់ស្ទឹងវែង ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន លោក ប៉ាល់ កែប ថ្លែងក្នុងសមាជនោះថា លោកត្រូវបានមេធាវី៦រូបតំណាងឱ្យគណបក្សមួយ ដែលលោកសំដៅទៅបក្សកាន់អំណាចបានប្តឹងលោក ហើយតុលាការក៏បានចេញដីកាកោះហៅលោកចូលទៅបំភ្លឺថែមទៀតផង ប៉ុន្តែលោកបានស្នើពន្យារពេលចូលបំភ្លឺដោយមិនមានពេលគ្រប់គ្រាន់។
មេធាវីចំនួន៦រូប តំណាងឱ្យគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានប្ដឹងលោក ប៉ាល់ កែប ជាលេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង និងជាបេក្ខភាពចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងគូកន ក្រោមបទចោទ ក្លែងឯកសារសាធារណៈ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ បទបរិហារកេរ្តិ៍ជាសាធារណៈ និងការឃោសនាបោះឆ្នោតផ្ទុយនឹងច្បាប់។
បេក្ខជនឈរឈ្មោះចៅសង្កាត់ស្ទឹងវែងបក្សក្រៅរដ្ឋាភិបាលរូបនេះអះអាងថា ការប្តឹងរូបលោកដោយសារឃើញសន្ទុះស្មារតីយុវជនបក្សភ្លើងទៀនខ្លាំង និងមានចេតនាបំបាក់ស្មារតីពួកគាត់តែម្តង។
ទោះជារងការប្តឹងផ្តល់បែបនេះក្តី ប៉ុន្តែលោក ប៉ាល់ កែប អះអាងថា លោកមិនញញើតនោះឡើយ ទោះជាលោកត្រូវចាប់ខ្លួនក៏ដោយ។
លោក ប៉ាល់ កែប ៖ «ទោះបីតុលាការប្តឹងអាម៉េច ទុកសិន ឃោសនាសិនៗ តារាងពេលវេលាទៅមុខៗហើយ តុលាការចាប់ខ្លួនថ្ងៃណា បងប្អូនកុំបារម្ភ។ ខ្ញុំបាទ បានប្រាប់ថ្នាក់ក្រោមខ្ញុំទាំងអស់ហើយថា ទោះបីជាមានការចាប់ចងខ្ញុំ ទោះបីដាក់គុកខ្ញុំមួយក៏អត់បញ្ហាដែរ ធ្វើការធម្មតា ធ្វើឱ្យឈ្នះគ្រប់ឃុំទាំងអស់»។
វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី១៥ ខែឧសភានេះ។
តែយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លើកឡើងថា កន្លងមក មានអ្នកនយោបាយមួយចំនួនបានរំលេចឡើងពីសភាពការណ៍ និងបរិយាកាសចង្អៀតចង្អល់ ក្នុងការរឹតត្បិតនូវសកម្មភាព សេរីភាពនយោបាយ នៅក្នុងរដូវកាលនៃយុទ្ធនាការបោះឆ្នោត ប៉ុន្តែគេកម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុទាំងអស់នោះណាស់។
រដ្ឋាភិបាលអះអាងថា ការលើកឡើងដោយមិនបង្ហាញមុខសញ្ញាច្បាស់លាស់នេះ គ្រាន់តែជាការបំផុស និងបង្កើតទឡ្ហីករណ៍នយោបាយ ដើម្បីត្រៀមដាក់ទម្ងន់លើការចោទប្រកាន់ និងវាយតម្លៃជាសកល ក្នុងហេតុផលធ្វើឱ្យប៉ះពាល់ទៅលើលទ្ធផលការបោះឆ្នោតតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា ការសម្រេចចិត្តចូលរួមការបោះឆ្នោតរបស់បក្សភ្លើងទៀន គឺជាដំណើរការនៃសង្គមប្រជាធិបតេយ្យ ដែលមានទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដើម្បីប្រកួតប្រជែង ហើយក៏ជាការបង្ហាញពីភាពជឿជាក់លើដំណើរការបោះឆ្នោតផងដែរ។
ដោយឡែកចំពោះការលើកឡើងថា មានការគំរាមកំហែង បំភិតបំភ័យទៅលើសកម្មជនបក្សភ្លើងទៀនបន្តបន្ទាប់នោះ លោកនិយាយថា ប្រសិនបើសកម្មភាពទាំងនោះកើតឡើងក្នុងអំឡុងដែនសមត្ថកិច្ចរបស់ខ្លួន នោះ គ.ជ.ប នឹងស្រាវជ្រាវដើម្បីចាត់វិធានការ។ លោកថា ដែនសមត្ថកិច្ច គ.ជ.ប គឺចន្លោះពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ មិថុនា ដែលជាពេលយុទ្ធនាការឃោសនាបោះឆ្នោត។ បន្ថែមពីនេះ តំណាងគណបក្សគួរតែប្រមូលភស្តុតាងអំពីការគំរាមកំហែងទាំងនោះ ដាក់មក គ.ជ.ប ឬ ស្ថាប័នពាក់ព័ន្ធ គឺជារឿងល្អ។
លោក ហង្ស ពុទ្ធា ៖ «ខ្ញុំគិតថា ប្រសិនបើមានភស្តុតាង សាក្សី ទឡ្ហីករណ៍ពិតប្រាកដ កុំឱ្យលើកឡើងជារួមៗ ហើយត្រូវធ្វើជាលក្ខណ៍លាយអក្សរមក គ.ជ.ប ហើយបើអ្វីដែលជាសមត្ថកិច្ចរបស់ គ.ជ.ប អាហ្នឹងបាន គ.ជ.ប ចូលរួមក្នុងដំណោះស្រាយ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា ការប្រកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខរបស់បក្សភ្លើងទៀន អាចពួកគេបានរៀនសូត្រពីព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៨ ដោយមិនមានបក្សប្រឆាំងធំចូលរួម ហើយលទ្ធផលបក្សកាន់អំណាចបានប្រមូលយកកៅរដ្ឋសភាទាំងអស់ និងបានដឹកនាំរដ្ឋាភិបាលដោយរលូន ទោះបីមានការរិះគន់ខ្លះក្តី។
កញ្ញាបន្តថា បក្សក្រៅរដ្ឋាភិបាលមួយនេះនឹងទទួលបានអាសនៈខ្លះ ពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ ប៉ុន្តែថាបានប៉ុន្មាននោះកញ្ញាមិនទាន់ហ៊ានទស្សន៍ទាយនៅឡើយទេ ត្បិតគណបក្សភ្លើងទៀនមានបញ្ហាប្រឈមពីរធំៗ ដែលធ្វើឱ្យបក្សនេះពិបាកទទួលបានអ្នកគាំទ្រលើសលប់។
កញ្ញាបន្តថា៖«ពីរចំណុចសំខាន់ហ្នឹង គឺទី១ គាត់[បក្សភ្លើងទៀន]ទើបរើបខ្លួន នៅកៀកការបោះឆ្នោតមែនទែន ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ ដូចយើងដឹងកន្លងមកហើយថា ការដាក់បេក្ខភាពមេឃុំចៅសង្កាត់អីហ្នឹងគឺនៅមានបញ្ហាច្រើនមែនទែន។ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង ហាក់ដូចជាមានភាពរឹតបន្តឹងខ្លាំងចំពោះបេក្ខភាពរបស់គណបក្សភ្លើងទៀន។ អាហ្នឹងចំណុចទី១ ហើយចំណុចទី២ ធនធានគណបក្សភ្លើងទៀននៅមានកម្រិតទាំងធនធានមនុស្ស និងធនធានលុយកាក់អីហ្នឹងគឺនៅមានកម្រិត។ អីចឹងទៅបើយើងសង្ឃឹមច្រើន ក៏យើងពិបាកវាយតម្លៃដែរ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថា នៅតែមានសង្ឃឹមថាបានអាសនៈខ្លះ ប៉ុន្តែខ្ញុំមិនឆ្លើយថាបានចំនួនប៉ុន្មានខ្ញុំប្រហែលជាមិនឆ្លើយទេ»។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀន បានដាក់បញ្ជីបេក្ខជនឈរឈ្មោះក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។
កាលពីចុងខែមេសា តំណាងគណបក្សភ្លើងទៀនបានដាក់ភស្តុតាងបន្ថែមទៅក្រសួងមហាផ្ទៃ ជុំវិញការធ្វើទុក្ខបុកម្នេញទៅលើសកម្មជននៅមូលដ្ឋានរបស់ខ្លួន ក្រោយពេលរដ្ឋមន្ត្រីក្រសួងមួយនេះប្រាប់ឱ្យតំណាងបក្សភ្លើងទៀនដាក់ភស្តុតាងឱ្យបានច្បាស់លាស់ ជៀសវាងការលើកឡើងជាទូទៅនិងគ្មានភស្តុតាង។
ដោយឡែកនៅថ្ងៃទី៣ ខែឧសភា ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលមួយនេះក៏បានជួបមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានស្នើក្រសួងសាមីមួយនេះជួយអន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការអនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។
បើតាមបញ្ជីឈ្មោះ និងករណីដែលគណបក្សភ្លើងទៀន បានស្នើសុំឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍មាន៣ប្រភេទ ដោយទីមួយ គឺពិរុទ្ធជនដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារព្រៃស និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំនួន១៦នាក់។ ប្រភេទទីពីរ គឺសមាជិកដែលកំពុងចាប់ខ្លួនថ្មីៗចំនួន៧នាក់ និងប្រភេទទីបី គឺករណីចាប់ខ្លួននិងចោទប្រកាន់នៅតាមខេត្ត ដូចជា ខេត្តពោធិ៍សាត់ ៥ករណីកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។
ដោយឡែក ១ករណីទៀតកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង, ២ករណីនៅខេត្តកំពង់ចាម, ១ករណីនៅខេត្តកំពង់ស្ពឺ, ៣ករណីនៅខេត្តព្រៃវែង, ១ករណីនៅខេត្តបន្ទាយមានជ័យ និង១ករណីទៀតនៅខេត្តប៉ៃលិន ដែលតុលាការបានចេញដីកាកោះហៅ លោក ខឹម មុនីកុសល ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានគណបក្សចំនួន១៧ បានចូលរួម ហើយការឃោសនារកសំឡេងឆ្នោតរបស់គ្រប់បក្សនយោបាយទាំងអស់នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានព្រមានពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់៨០ភាគរយពីកម្ពុជាបន្ថែមទៀត ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕