ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សភ្លើងទៀនស្រុកអង្គរបុរី បានលើកស្លាកគណបក្សភ្លើងទៀនយ៉ាងធំ នៅតាមបណ្ដោយផ្លូវ ១TK១ ពីស្រុកព្រៃកប្បាសទៅស្រុកអង្គរបុរី។
ក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ បានបើកដំណើរការទីស្នាក់ការ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ និងបានលើកស្លាកគណបក្សជាបន្តបន្ទាប់នៅតាមបណ្ដាស្រុកនិងឃុំសង្កាត់នានារបស់ខ្លួន។ រហូតមកដល់ពេលនេះ ក្រុមការងារខេត្តតាកែវ លើកស្លាកគណបក្សភ្លើងទៀន បានគ្រប់ក្រុង-ស្រុករបស់ខ្លួនហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន ១០នៃខេត្ត ចំណែកស្លាកតាមបណ្ដាឃុំ-សង្កាត់ លើកបានចំនួន ៥៥ ភាគរយ។
ក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ កំពុងឈានឆ្ពោះទៅរកការសម្រេចគោលដៅ១០០ភាគរយ ក្នុងការពង្រឹងនិងពង្រីកការគ្រប់គ្រងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីចូលរួមបន្តបេសកម្មជាតិក្នុងនាមគណបក្សនយោបាយដែលប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិតប្រាកដតែមួយគត់នៅកម្ពុជា៕