មេធាវីគណបក្សប្រជាជនកម្ពុជាប្តឹងសកម្មជនគណបក្សភ្លើងទៀនម្នាក់ចំនួន៤បទចោទ
09 ឧសភា 2022
បោះពុម្ពភ្នំពេញ —
មេធាវីរបស់គណបក្សកាន់អំណាចបានដាក់ពាក្យប្តឹងប្រឆាំងនឹងសកម្មជនគណបក្សភ្លើងទៀនមួយរូប ដែលឈរឈ្មោះជាបេក្ខជនចៅសង្កាត់ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នេះបើយោងតាមដីការបស់តុលាការខេត្តកោះកុង ដែលវីអូអេទទួលបាន។
តេីចង់ប្រកាសលទ្ធផល ឈ្នះតែឯងមែនទេ? នេះគឺសំណេរដែលលោក ប៉ាល កែប បានចោទសួរទៅអាជ្ញាធរនិងតុលាការខេត្តកោះកុង…។ #លោកប៉ាល់កែប ឈរដាក់បេក្ខភាពជាចៅសង្កាត់ស្ទឹងវែង #គណបក្សភ្លើងទៀន នៃខេត្តកោះកុង…។ ប៉ុន្តែជាមួយគ្នានេះ ខណ:ដែលការបោះឆ្នោតឃុំសង្កាត់ខិតកាន់តែជិតដល់ តុលាការខេត្តកោះកុងបានកោះហៅរូបលោកអោយចូលបំភ្លឺ…នៅថ្ងៃទី៩ ឧសភានេះ តាមរយ:ទំព័រហ្វេសបុក លោកសរសេរថា៖ នៅសល់តែ ២៦ថ្ងៃទៀត បោះឆ្នោតហើយ មកប្តឹង #បេក្ខភាពចៅសង្កាត់បក្សភ្លើងទៀន ទៅតុលាការ ហើយចង់ឡើង សង្វៀនតែឯង ប្រកាសលទ្ធផល ឈ្នះតែឯងមែនទេ?—–*****—-កោះកុង, ០៩-០៥-២០២២-មកដាក់ពាក្យសុំពន្យាពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុ រកមេធាវីការពារក្តី តាមច្បាប់ មិនទាន់បាន។ Source: គណបក្សភ្លើងទៀនអឺរ៉ុប និង ផេចបេក្ខជនប៉ាល កែប
លោក ប៉ាល់ កែប អាយុ៣០ឆ្នាំ ដែលជាបេក្ខជនចៅសង្កាត់ស្ទឹងវែង ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកោះហៅក្នុងនាមជា«ជនសង្ស័យ»ក្នុងករណីចោទប្រកាន់ចំនួន៤ រួមមានក្លែងឯកសារសាធារណៈ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ បរិហារកេរ្តិ៍ជាសាធារណៈ និងការឃោសនាបោះឆ្នោតផ្ទុយពីច្បាប់។ នេះបើតាមដីការបស់ព្រះរាជអាជ្ញារងលោក វ៉ៃ ភីរម្យ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន។
បើតាមដីការបស់តុលាការ សកម្មជនរូបនោះត្រូវបានប្តឹងដោយមេធាវី៦នាក់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា រួមមានឈ្មោះ កេត ច័ន្ទម៉ានីន ស៊ិន គឹមឈាង លន វិចិត្រវិទ្យា ហ៊ល រាជបណ្ឌិត រ៉េត សារិន និងមេធាវី ចាន់ រិទ្ធិ។
បើតាមដីកា លោក ប៉ាល់ កែប ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង៨ព្រឹក។
លោក ប៉ាល់ កែប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកមិនដឹងថាហេតុអ្វីបានជាមានការចោទប្រកាន់រូបលោកធ្ងន់ធ្ងរយ៉ាងនេះ ខណៈលោកគ្រាន់តែដាក់ពាក្យស្នើសុំលើកបដាផ្សេងៗតែប៉ុណ្ណោះ។ លោកចាត់ទុកថានេះជារឿងនយោបាយ ដោយសារលោកមានអ្នកស្គាល់និងគាំទ្រច្រើននៅក្នុងឃុំសង្កាត់ដែលលោកឈរឈ្មោះ ដែលអាចឱ្យគណបក្សរបស់លោកឈ្នះការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
លោកថ្លែងថា៖«ហើយមួយវិញទៀត រឿងដែលពិបាកទប់ទល់ខ្លាំង គឺខ្ញុំជាបេក្ខជននៅសង្កាត់ស្ទឹងវែងហ្នឹង ប្រជាពលរដ្ឋស្គាល់ច្រើន …..បើទុកឱ្យខ្ញុំធ្វើសកម្មភាពពេញទីរហូតដល់ថ្ងៃបោះឆ្នោតតែហ្មង ភាគរយនៃការដែលខ្ញុំឈ្នះគឺវាខ្ពស់ កាន់តែខ្ពស់។ អ៊ីចឹងគេធ្វើម៉េចទប់សិន ទោះបណ្តឹងនោះពិតមិនពិតក្តី គេប្តឹងឱ្យរអាក់រអួលសិន»។
លោកបន្ថែមថារូបលោកគឺនៅតែតតាំងជាមួយរឿងក្តីមួយនេះ ពីព្រោះរូបលោក គឺមិនបានធ្វើអ្វីខុសនោះទេ ហើយការងារទាំងប៉ុន្មានដែលលោកធ្វើកន្លងមក គឺដើម្បីប្រជាពលរដ្ឋ និងប្រយោជន៍សាធារណៈប៉ុណ្ណោះ។
លោកថា៖«ខ្ញុំជំហរខ្ញុំគឺនៅតតាំងក្តីហ្នឹង ព្រោះខ្ញុំអត់ខុសទេ។ ខ្ញុំធ្វើអំពើល្អ ខ្ញុំមានគោលដៅ ដើម្បីជួយ ដើម្បីឱ្យមានភាពស្មើគ្នា។ ភាពស្មើគ្នាតាមរយៈទទួលផលប្រយោជន៍សេវាសាធារណៈពីរដ្ឋបាលសង្កាត់ហ្នឹង»។
លោក ប៉ាល់ កែប កាលពីព្រឹកថ្ងៃចន្ទ បានដាក់ពាក្យស្នើសុំលើកពេលចូលបំភ្លឺទៅថ្ងៃក្រោយវិញ ដោយសារលោកមិនទាន់អាចរកមេធាវីបាននៅឡើយ។
ចំណែកព្រះរាជអាជ្ញារង លោក វ៉ៃ ភីរម្យ ដែលកោះហៅសកម្មជនរូបនោះ អះអាងថារឿងក្តីនេះមិនមែនតុលាការចេះតែធ្វើឡើងនោះទេ គឺតុលាការធ្វើឡើងទៅតាមបណ្តឹងរបស់ដើមបណ្តឹងតែប៉ុណ្ណោះ។ លោកបន្ថែមថាវាជារឿងធម្មតាទេដែលចុងបណ្តឹងនិយាយថារឿងដែលគេចោទមកលើខ្លួនជារឿងអយុត្តិធម៌។
ទោះជាយ៉ាងណា លោកថាអ្វីដែលសំខាន់ គឺជនសង្ស័យត្រូវចូលខ្លួនមកបំភ្លឺនៅតុលាការពីអ្វីដែលគេបានចោទប្រកាន់នោះ។
លោកប្រាប់វីអូអេថា៖ «ចំពោះគាត់ជាជនរងបណ្តឹង គាត់ថាអយុត្តិធម៌ ខាងដើមបណ្តឹងដែលជាអ្នកប្តឹង ក៏គេថាអយុត្តិធម៌។ អ៊ីចឹងត្រង់ថារកយុត្តិធម៌យ៉ាងណាឱ្យគាត់មកបំភ្លឺនៅតុលាការ មកបំភ្លឺចំពោះការចោទប្រកាន់របស់គេអំពីករណីមួយៗ»។
វីអូអេបានព្យាយាមទាក់ទងមេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជាទាំង៦នាក់ដែលមានឈ្មោះនៅលើដីការបស់តុលាការខេត្តកោះកុង ប៉ុន្តែមិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានចាត់ទុកបណ្តឹងលើសកម្មជនរបស់គណបក្ស ជារឿង«នយោបាយសុទ្ធសាធ»។ លោកបន្ថែមថា កិច្ចការបោះឆ្នោតជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនមែនជាសមត្ថកិច្ចរបស់តុលាការឡើយ។
លោកបន្ថែមថា៖ «ខ្ញុំយល់ថាល្មមបញ្ចប់ហើយអារឿងការប្តឹងផ្តល់អីក្នុងពេលបោះឆ្នោត។ សូមរក្សាទុកបរិយាកាសនយោបាយហ្នឹងឱ្យបានល្អប្រសើរបន្តិចទៅកុំបង្កឱ្យកាន់តែអាប់អួខ្លាំងពេក ហើយប្រើប្រាស់ប្រព័ន្ធតុលាការបែបនេះនៅក្នុងពេលជិតដល់យុទ្ធនាការឃោសនាបោះឆ្នោត [និង] មុនបោះឆ្នោតគឺកាន់តែធ្វើឱ្យអាប់អួកាន់តែខ្លាំង»។
គួរបញ្ជាក់ថាគណបក្សភ្លើងទៀនធ្លាប់ឱ្យដឹងថានៅក្នុងខែមីនា ឆ្នាំ២០២២ សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋានហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ៕