គណបក្សជំទាស់ចំនួន៥រក្សាជំហរស្នើឱ្យកែសម្រួលសមាសភាពដឹកនាំគ.ជ.ប
Op-Ed: VOA Khmer 22 មិថុនា 2022
ភ្នំពេញ —
ក្រោយការបោះឆ្នោតឃុំសង្កាត់ គណបក្សជំទាស់មួយចំនួន បានអះអាងពីភាពមិនប្រក្រតី ដែលកើតឡើងក្នុងថ្ងៃបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត ហើយបានចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានភាពលម្អៀងខាងនយោបាយទៅរកគណបក្សកាន់អំណាច។
ហេតុផលនៅពីក្រោយភាពលម្អៀងនោះ គឺត្រូវបានថ្នាក់ដឹកនាំ ឬតំណាងគណបក្សជំទាស់ ពន្យល់ថា បណ្តាលមកពីក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ដូចយ៉ាងប្រធានគ.ជ.ប បច្ចុប្បន្នដែលធ្លាប់កាន់តំណែងជាច្រើននៅក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្ត។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាគណបក្សលោកនឹងសហការជាមួយគណបក្សផ្សេងទៀត ដើម្បីដាក់ញត្តិទៅគ.ជ.ប ដើម្បីឱ្យមានការពិចារណាឡើងវិញលើសមាសភាពដឹកនាំ គ.ជ.ប និងការសម្រួលចំណុចផ្សេងទៀត ទាក់ទិននីតិវិធីរៀបចំការបោះឆ្នោត និងបែងចែកអាសនៈ ដើម្បីធានាឱ្យការបោះឆ្នោតមួយមានលក្ខណៈសេរី និងស្មើភាពសម្រាប់គ្រប់គណបក្សនយោបាយ។
លោកនិយាយថា៖ «យើងក៏មានគោលការណ៍ ចង់ឱ្យមានការកែទម្រង់ កែសម្រួលគ.ជ.ប ដូចគណបក្សមួយចំនួនដែលមាន គោលដៅដូចគ្នាដែរ។ អ៊ីចឹង យើងនឹងអាចរួមគ្នា នៅក្នុងញត្តិមួយ ដើម្បីស្នើទៅ គ.ជ.ប ឱ្យមានការកែសម្រួល ដើម្បីយើងធានាដល់ការបោះឆ្នោតនៅពេលខាងមុខឱ្យយើងទទួលយកបានទាំងអស់គ្នា នោះចំណុចទី១»។
លោកបន្ថែមថាឯករាជ្យភាពរបស់គ.ជ.ប ក៏ជាការព្រួយបារម្ភរបស់គណបក្សនយោបាយដែលចូលរួមប្រជែងយកអំណាចពីគណបក្សប្រជាជនកម្ពុជា ព្រោះបើផ្អែកតាមការបោះឆ្នោតកន្លងទៅនេះ សកម្មភាពរបស់មន្ត្រីគ.ជ.ប មិនបានបង្ហាញភាពជាអាជ្ញាកណ្តាលទេ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀន បានបញ្ជាក់ជំហរក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតឃុំសង្កាត់កន្លងទៅថ្មីៗនេះ «មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោតទៀតសោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែង និងការសម្រេចលើការងារមួយចំនួនធំ គឺធ្វើដោយលម្អៀង រួមទាំងមានសមាសភាពសមាជិកដឹកនាំស្ថាប័ននេះ ពីលើដល់ក្រោម ជាសមាជិកមកពីគណបក្សកាន់អំណាចស្ទើរតែទាំងអស់»។
ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ គឺជាអតីតអភិបាលខេត្តបាត់ដំបង និងជាអតីតតំណាងរាស្រ្តមួយរូបរបស់គណបក្សកាន់អំណាច។ លោកក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃផងដែរ។ នេះបើតាមជីវប្រវត្តិសង្ខេបរបស់លោកដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក និងតាមគេហទំព័រគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ ប្រាប់វីអូអេនៅថ្ងៃអង្គារថាឧបសគ្គអាចមានច្រើននៅក្នុងការឆ្ពោះទៅរកការកែសម្រួលសមាសភាពគ.ជ.ប ដែលបច្ចុប្បន្នជាស្ថាប័នធម្មនុញ្ញ ហើយសភាជាតិកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាតែឯង។
ប៉ុន្តែលោកយល់ថាការកែសម្រួលសមាសភាពនេះ អាចធ្វើទៅបានបើគណបក្សកាន់អំណាចមានឆន្ទៈនយោបាយចំពោះរឿងនេះ។ លោកនិយាយថា៖ «បាល់ស្ថិតនៅក្នុងដៃរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាចង់លេង មិនចង់លេងក៏ហី ពីព្រោះថា គាត់ជាអ្នកមានសិទ្ធិសម្រេចគ្រប់យ៉ាង ក្នុងការកែប្រែរដ្ឋធម្មនុញ្ញក្តី កែប្រែច្បាប់ និងនីតិវិធីផ្សេងៗក្តី ពីព្រោះថា គាត់ជាគណបក្សតែមួយគត់ដែលមានអាសនៈនៅក្នុងសភា»។
ស្រដៀងគ្នានេះដែរ ប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រឱ្យមានការកែប្រែសមាសភាពដឹកនាំគ.ជ.ប ដើម្បីធានាបានឯករាជ្យភាព និងសុក្រឹតភាពក្នុងការរៀបចំការបោះឆ្នោតនៅពេលខាងមុខទៀត។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រមទាំងគណបក្សឯទៀត កំពុងធ្វើសេចក្តីព្រាងស្នើសុំឱ្យមានការកែទម្រង់គ.ជ.ប។
លោកថ្លែងថា៖ «យើងកំពុងតែព្រាងញត្តិហ្នឹង ស្នើសុំអីខ្លះ រួមទាំងសមាសភាព គ.ជ.ប រូបមន្តនៃការបែងចែកអាសនៈ ជាដើមនោះបាទ»។
ស្ថាប័នរៀបចំការបោះឆ្នោតជាតិធ្លាប់ឆ្លងកាត់ការកែទម្រង់តាមរយៈការចរចានយោបាយជាច្រើនខែរវាងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ។
ស្ថាប័ននេះបានប្រែក្លាយជាស្ថាប័នធម្មនុញ្ញដោយមានសមាសភាព៩រូប ដោយបួនរូបចេញពីគណបក្សដឹកនាំរដ្ឋាភិបាល និង៤រូបទៀតមកពីគណបក្សមានអាសនៈនៅរដ្ឋសភាហើយមួយរូបទៀតបានពីការព្រមព្រៀងគ្នារវាងគណបក្សមានអាសនៈនៅសភា។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស លើកទឹកចិត្តឱ្យភាគីគណបក្សនយោបាយចំនួន៥ដែលចង់កែប្រែសមាសភាពបោះឆ្នោត និងគណបក្សកាន់អំណាចពិភាក្សាលើការកែសម្រួលសមាសភាព ឱ្យបាននៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។
លោក កន សាវាង្ស ថ្លែងថា៖ «ខ្ញុំលើកលទ្ធភាពថាសុំឱ្យមានការជជែកគ្នា សម្របសម្រួលជាមួយគណបក្សកាន់អំណាចដើម្បីធ្វើការរកចំណុចដែលអាចត្រូវរ៉ូវគ្នា ធ្វើម៉េចរុញស្ថាប័នគ.ជ.បហ្នឹង ឱ្យកា្លយទៅជាស្ថាប័នអាជ្ញាកណ្តាលដែលគ្រប់ភាគីពាក់ព័ន្ធហ្នឹង គឺលោកនឹងអាចទុកចិត្តបាន»។
បើតាមលោក កន សាវាង្ស គណបក្សនយោបាយចំនួន៥ រួមមានគណបក្សភ្លើងទៀន កម្ពុជានិយម ឆន្ទៈខ្មែរ ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា កំពុងព្យាយាមទាមទារឱ្យមានការកែសម្រួលសមាសភាពដឹកនាំគ.ជ.បបច្ចុប្បន្ន ដែលខុសគ្នាពីសមាសភាពដែលចាត់តាំងដោយមានវត្តមានសំឡេងបក្សជំទាស់នៅសភា។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ច្រានចោលការចោទប្រកាន់នានា ដែលថា គ.ជ.ប មានភាពលម្អៀងទៅរកគណបក្សកាន់អំណាច។
មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប រូបនេះ ថាគ.ជ.បគ្មានសិទ្ធិអំណាចស្នើឱ្យមានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំខ្លួននោះទេ ព្រោះស្ថាប័ននេះអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងប្បញ្ញត្តិច្បាប់ផ្សេងទៀតពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត ហើយក៏បានបំពេញការងាររៀបចំការបោះឆ្នោត ដោយមិនលម្អៀងទៅគណបក្សនយោបាយណាមួយ ឬរំលោភលើក្របខណ្ឌច្បាប់នោះដែរ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានទេ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃអង្គារនេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយថា គណបក្សកាន់អំណាចគ្មានចំណាប់អារម្មណ៍លើសំណើគណបក្សជំទាស់នានាឱ្យមានការកែទម្រង់គ.ជ.ប។
យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា អះអាងថា គណបក្សភ្លើងទៀនមានសំឡេងគាំទ្រ១លាន៦សែនសំឡេងដែរក្នុងការបោះឆ្នោត កាលពីពេលថ្មីៗនេះ ដែលអាចឱ្យគណបក្សកាន់អំណាចពិចារណាលើសំណើពិភាក្សាអំពីការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប៕