ក្រសួងមហាផ្ទៃប្រាប់គណបក្សភ្លើងទៀនឱ្យពិនិត្យឡើងវិញចំពោះការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្ស
25 ឧសភា 2022
ភ្នំពេញ —
អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សភ្លើងទៀន ត្រួតពិនិត្យឡើងវិញចំពោះការតែងតាំងអតីតមន្រ្តីជាន់ខ្ពស់មួយរូបពីគណបក្សសង្រ្គោះជាតិ ក្នុងតំណែងជាអនុប្រធានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ទើបកម្រើកខ្លាំងឡើវិញក្នុងឆ្នាំ២០២២នេះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនទៅកាន់លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ចុះហត្ថលេខាដោយរដ្ឋមន្រ្តីមហាផ្ទៃលោក ស ខេង នៅថ្ងៃពុធ ទី២៥ ខែឧសភានេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ការសម្រចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺផ្ទុយលក្ខនិ្តកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់ស្តីពីគណបក្សនយោបាយ។
ចំណុចផ្ទុយលើកឡើងក្នុងលិខិតខាងលើរួមមាន ប្រការ ២០ និងប្រការ ៣៣ នៃលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកមិនទាន់បានឃើញលិខិតរបស់ក្រសួងមហាផ្ទៃដែលវីអូអេទទួលបាននៅព្រឹកថ្ងៃពុធនៅឡើយនោះទេ ហើយលោកក៏មិនដឹងថា លិខិតគោលបំណងយ៉ាងដូចម្តេចដែរមកលើសកម្មភាពនយោបាយរបស់លោក ដែលក្នុងនោះលោកបានចូលរួមដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតធំមួយសម្រាប់ថ្ងៃដំបូងរបស់គណបក្សភ្លើងទៀនកាលពីសប្តាហ៍មុន។
លោកបានថ្លែងថា៖ «យើងមិនដឹងដែរ មិនទាន់បានឃើញលិខិត។ ហើយយើងមិនអាចសន្និដ្ឋានថាមានបំណងយ៉ាងណា។ ប៉ុន្តែរឿងនេះជារឿងផ្ទៃក្នុងរបស់គណបក្សក្នុងការរៀបចំសមាសភាពថ្នាក់ដឹកនាំ។ ក៏ប៉ុន្តែបើទោះបីក្រសួងមហាផ្ទៃ លោកឈឺឆ្អាលដល់កម្រិតហ្នឹង ក៏យើងយកមកពិនិត្យដែរ»។
ដំណាលគ្នានេះ លោកចាត់ទុកថា បើទោះបីការស្នើត្រួតពិនិត្យមកលើរូបលោកអាចជាការដាក់សម្ពាធមួយក៏ដោយ លោក សុន ឆ័យ និយាយថា ការណ៍នេះមិនមែនជាបញ្ហាចោទនោះទេសម្រាប់គណបក្សភ្លើងទៀនក្នុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោត ដោយសារគណបក្សនេះនៅមានអនុប្រធានចំនួនពីររូបផ្សេងទៀត ក្រៅពីរូបលោក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សង្ឃឹមថា គណបក្សភ្លើងទៀននឹងពិចារណាករណីខាងលើនេះជាមួយអ្នកជំនាញផ្លូវច្បាប់ និងថា «លោក សុន ឆ័យ យល់បញ្ហានេះច្បាស់» ថា លោកនឹងត្រូវធ្វើយ៉ាងដូចម្តេចក្នុងរឿងតែងតាំងក្បាលម៉ាស៊ីនដឹកនាំគណបក្សនេះ។
គួរបញ្ជាក់ផងដែរ ស្របពេលមានលិខិតខាងលើពីក្រសួងមហាផ្ទៃ គណបក្សភ្លើងទៀន ដែលទើបនឹងបានដំណើរការជាថ្មី អស់រយៈពេលជិត៥ខែមកនេះ បានឱ្យដឹងថា គណបក្សបានប្រឈមនឹងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងមន្រ្តីនិងអាជ្ញាធរមូលដ្ឋានដូចជា ការដាក់សម្ពាធមកលើមន្រ្តី ឬភ្នាក់ងារគណបក្សតាមមូលដ្ឋាន និងការដាក់ស្លាកសញ្ញាគណបក្សជាដើម៕