07 ឧសភា 2022
ភ្នំពេញ — ក្រុមអ្នកជំនាញនិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំមកហើយនោះ ត្រូវបានគេរំពឹងថា នឹងគ្មានដៃគូប្រកួតប្រជែងនោះទេ ដោយសារការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ ដែលមានសំឡេងគាំទ្រពេញនិយមនៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន។
ការបង្ក្រាបបន្ថែមទៀតលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអ្នកនយោបាយបក្សប្រឆាំងច្របូកច្របល់ និងរង្គោះរង្គើក្នុងការកសាងកម្លាំងរបស់ខ្លួនឡើងវិញ។ អ្នកគាំទ្រខ្លះអះអាងថា ពួកគេត្រូវគេបានវាយដំ ហើយម្នាក់ត្រូវគេចាក់សម្លាប់កាលពីខែវិច្ឆិកា ហើយមានពាក្យបណ្ដឹងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀតផង។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត (Future Forum) បានប្រាប់ VOA ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នេះ អាចជាការសាកល្បងប្រជាមតិរបស់អ្នកបោះឆ្នោត លើការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងបរិយាកាសនយោបាយមួយ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
លោក អ៊ូ វីរៈ បានថ្លែងក្នុងសម្តីដើមថា៖ «បញ្ហាចម្បងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ គឺយុត្តិធម៌ នៅក្នុងដំណើរការបោះឆ្នោត។ បញ្ហាចម្បងគឺថា តើការបោះឆ្នោតអាចប្រព្រឹត្តទៅបានឬទេ? ហើយសំខាន់ជាងនេះទៅទៀត គឺនៅក្នុងក្រសែភ្នែករបស់ប្រជាជនកម្ពុជា តើការបោះឆ្នោតនេះសេរីនិងយុត្តិធម៌ឬទេ? ហើយថា តើមេដឹកនាំគណបក្សប្រឆាំង ឥស្សរជនសំខាន់ៗ របស់គណបក្សប្រឆាំង អាចចូលរួមបានដែរឬទេ? ខ្ញុំគិតថា នោះជារឿងដ៏ធំបំផុត»។
បេក្ខជនជាង ៨២.៧០០ នាក់មកពីគណបក្សចំនួន ១៧ នឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនឈរឈ្មោះក្នុងក្រុមប្រឹក្សាទាំង ១១.៦៦២ ក្នុងឃុំសរុបចំនួន ១.៦៥២។ គណបក្សភ្លើងទៀនដែលត្រូវបានបង្កើតឡើងដោយអតីតសមាជិកនៃគណបក្សសង្គ្រោះជាតិ បានបង្ហាញខ្លួនជាគូប្រជែងដ៏សំខាន់មួយនៅក្នុងតំណែងក្រុមប្រឹក្សាឃុំស្ទើតែទាំងអស់ លើកលែងឃុំចំនួន ៣។
លោក អ៊ូ វីរៈ មានប្រសាសន៍ថា គណបក្សនយោបាយចំនួន ១៥ ផ្សេងទៀត មិនសូវមានប្រជាប្រិយភាព ឬភាពជឿជាក់ពីសាធារណជន ក្នុងកម្រិតមួយដែលអាចក្លាយជាគ្រោះថ្នាក់នយោបាយដល់គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាននោះទេ។
ដោយនិយាយសំដៅលើលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិនិរទេសខ្លួនដែលប្រឈមនឹងទោសជាប់ពន្ធនាគារជាច្រើន បើលោកវិលទៅប្រទេសកម្ពុជាវិញនោះ លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា៖ «គណបក្សភ្លើងទៀននឹងជាគណបក្សដ៏សំខាន់ ដែលត្រូវតាមមើល ព្រោះនោះជាការចាប់បដិសន្ធិឡើងវិញរបស់គណបក្ស សម រង្ស៊ី»។
គណបក្ស សម រង្ស៊ី បានរួមបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា នៅឆ្នាំ ២០១២ ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ ដោយលោកមិនអាចចេញក្រៅប្រទេស។
អ្នកវិភាគបាននិយាយថា បញ្ហាប្រឈមនៅតាមមូលដ្ឋាន រួមមានកំណើនចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដោយសារវិបត្តិសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ១៩ និងស្ថានភាពនៃទន្លេមេគង្គ ដែលជលផលនេសាទថយចុះយ៉ាងខ្លាំង ដោយសារតែការប្រែប្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី ការនេសាទខុសច្បាប់ និងភាពរាំងស្ងួតរយៈពេលបីឆ្នាំមកនេះ។
អ្នកវិភាគម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ VOA ថា សំខាន់ជាងគេនោះ តម្លៃស្រូវអង្ករដែលនៅដដែល ប៉ុន្តែស្រូវសាលី ពោត ប្រេងឥន្ធនៈ ប្រេងឆា និងប្រេងដូងឡើងថ្លៃខ្លាំង ដែលប៉ះពាល់ប្រជាជនក្រីក្រនៅប្រទេសកម្ពុជា។
លោក Bradley Murg អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព បាននិយាយថា៖ «សំខាន់បញ្ហាចម្បងពីរនៅត្រង់ថា តើការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ និងការការពារបរិស្ថាន។ ទី ១ គឺបញ្ហាការត្រឡប់ទៅរកស្ថានភាពប្រក្រតីផ្នែកសេដ្ឋកិច្ចក្នុងកម្រិតជាក់លាក់មួយ និងការស្តារការអភិវឌ្ឍទៅរកកម្រិតដែលប្រទេសកម្ពុជាធ្លាប់សម្រេចបាន មុនពេលជំងឺកូវីដ១៩ រាតត្បាត។ ទន្ទឹមនឹងនេះ កម្ពុជាបន្តប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ព្រមទាំងបញ្ហាប្រឈមធ្ងន់ធ្ងរពាក់ព័ន្ធនឹងបឹងទន្លេសាប»។
លោក Murg បានបន្ថែមថា៖ «បញ្ហាទាំងអស់នេះទំនងជាចំណុចសំខាន់សម្រាប់ប្រជាជននៅតាមតំបន់ជនបទ និងក្រុមប្រជាជនវណ្ណៈកណ្តាលដែលរស់នៅក្នុងទីក្រុងផងដែរ»។
ទស្សនៈរបស់លោក Murg ត្រូវបានយល់ស្របដោយ អ្នកនាង Abby Seiff អ្នកនិពន្ធសៀវភៅ Troubling the Water: A Dying Lake and a Vanishing World in Cambodia។
អ្នកនាង Seiff បានថ្លែងថា៖ «តាមការយល់ឃើញរបស់អ្នកនេសាទនៅតាមមូលដ្ឋាន ដែលពឹងផ្អែកលើទន្លេមេគង្គ ទន្លេកាន់តែរាក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកពិតជាអាចសង្ឃឹមថា នេះជាបញ្ហាដែលមន្ត្រីមូលដ្ឋានលើកឡើង ហើយបញ្ជូនទៅថ្នាក់ជាតិ ដែលត្រូវចាត់វិធានការ»។
អ្នកនាងបានបន្តថា៖ «ប៉ុន្តែមន្ត្រីមូលដ្ឋានមិនអាចធ្វើកិច្ចការជាច្រើនបាន ដូច្នេះខ្ញុំយល់ថា ពួកគេត្រូវអំពាវនាវទៅដល់ថ្នាក់ដឹកនាំរបស់ពួកគេដើម្បីរកវិធានការ»។
ដោយឡែក ការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ក៏ជាមូលហេតុដែលបណ្តាលឱ្យតម្លៃប្រេង និងតម្លៃផលិតផលកសិកម្មឡើងថ្លៃ ខណៈសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានចុះខ្សោយដោយសារតែការធ្លាក់ចុះនៃការវិនិយោគរបស់ចិន និងអវត្តមានភ្ញៀវទេសចរបរទេស ដោយសារជំងឺរាតត្បាតរួចទៅហើយនោះ។
មន្ត្រីនានានិយាយថា ជំងឺរាតត្បាតកូវីដ១៩ ក៏ធ្វើឱ្យប៉ះពាល់ដល់ការងារប្រហែល ៦ លាន នៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងចំណោមប្រជាជនចំនួន ១៦ លាន ៥ សែននាក់ ដោយអ្នកវិភាគនិយាយថា ជាកម្លាំងពលកម្មដ៏សំខាន់ដល់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាប្រមាណ ៨០% ។ យោងតាមក្រសួងផែនការ នាក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ អត្រាភាពក្រីក្រនៅកម្ពុជាបានហក់ឡើងពីប្រហែល ១៣% ដល់ជិត ១៨%។
លោក អ៊ូ វីរៈ ក៏បាននិយាយផងដែរថា អតិផរណា និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩ នឹងជះឥទ្ធិពលដោយផ្ទាល់លើអ្នកបោះឆ្នោត ជាពិសេសអ្នកបោះឆ្នោតនៅតំបន់ជនបទក្រីក្រ។
លោកបានថ្លែងថា៖ «នៅក្នុងប្រទេសនេះ ការស្ទុះងើបសេដ្ឋកិច្ចមិនអាចដំណើរការល្អ ដូចការរំពឹងទុក ឬមិនលឿនដូចការយើងសង្ឃឹមនោះទេ។ ដូច្នេះរឿងជាច្រើននេះនឹងមានឥទ្ធិពលលើសំឡេងឆ្នោត។ ប៉ុន្តែខ្ញុំគិតថា ក្នុងក្រសែភ្នែកប្រជាជនកម្ពុជា ក្នុងចិត្តប្រជាជនកម្ពុជា ការបោះឆ្នោតនេះអាចត្រូវបានគេមើលឃើញថា គ្រាន់តែជាការធ្វើប្រជាមតិអំពីគណបក្សកាន់អំណាចប៉ុណ្ណោះ»។
ក្រសួងហិរញ្ញវត្ថុបានត្រៀមថវិកាប្រមាណ ១,២ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក៏បានបង្កើតមូលនិធិបម្រុងចំនួន ២០០ លានដុល្លារ ដែលជាមូលនិធិដំបូងដើម្បីជួយប្រជាជនក្រីក្រដោយផ្ទាល់។
លោក Murg បានថ្លែងថា៖ «តាមទស្សនៈរបស់ខ្ញុំ ទាំងនេះនឹងក្លាយជាចំណុចស្នូលជាមូលដ្ឋានសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ»។
លោក Murg បានបន្ថែមថា ការបោះឆ្នោតឃុំសង្កាត់ក៏នឹងក្លាយជាការស្ទាបស្ទង់មតិសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយផងដែរ៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ