គណបក្សភ្លើងទៀន មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបដិសេធបញ្ជីបេក្ខជនរបស់ គណបក្ស ភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី ១ ព្រឹកម៉ិញនេះ ដោយយោងទៅតាមបណ្ដឹងរបស់លោក ម៉ៅ មុន្នី បេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី ១ មកពី គណបក្សប្រជាជនកម្ពុជា ។
គណបក្សភ្លើងទៀន មិនអាចទទួលយកនូវសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជាដាច់ខាត ដោយសារថា៖
ទី១- ដើមបណ្ដឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន គឺលោក ម៉ៅ មុន្នី ជាបេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី ១ មកពី គណបក្សប្រជាជនកម្ពុជា ។
ទី២- ប្រសិនបើបេក្ខជន ៤រូប មិនបានបំពេញតាមលក្ខខណ្ឌច្បាប់តម្រូវរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនត្រូវបដិសេធបញ្ជីបេក្ខជនទាំងមូលទេ ព្រោះបេក្ខជន១៤រូបផ្សេងទៀតពុំមានកំហុសឡើយ។
នេះជាលើកទី ១ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលុបចោលបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់ គណបក្សភ្លើងទៀន ។
គណបក្សភ្លើងទៀន សូមអំពាវនាវយ៉ាងទទូចដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមពិចារណាករណីនេះឡើងវិញ និងសូមរក្សាជំហរអព្យាក្រិត មិនលំអៀង ដើម្បីធានាដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕