កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) បានដឹកនាំប្រតិភូក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ព្រៃកោងកាងនេះមានទំហំផ្ទៃក្រឡាដល់ទៅដប់ម៉ឺនហិកតា ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីរៀបចំដាំដុះតាំងពីឆ្នាំ២០០១។
គួរបញ្ជាក់ថាព្រៃកោងកាង មានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថានដូចជា៖
-ជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើន ចំណូលដល់ប្រជាសហគមន៍។
-ជួយបន្សុទ្ធខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន។
-ជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្ដាម បង្គារជាដើម។
-ជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីទឹករលកបក់បោក និងជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ។