(*)នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត សុក ហាច អនុប្រធានគណបក្ស ភ្លើងទៀន អមដោយលោក គីមសួរ ភិរិទ្ធ និងលោក សុខ គឹមសេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតនៅខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សខេត្ត ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
(*)គណបក្ស ភ្លើងទៀន សូមការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់សមាជិក សមាជិកា សកម្មជន និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគណបក្ស ភ្លើងទៀន មិនអាច ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះបាន ហើយសង្ឃឹមថា សមាជិក សមាជិកា និងសកម្មជនគណបក្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែល ស្រលាញ់យុត្តិធម៌ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅតែមានឆន្ទៈរឹងមាំ បន្តគាំទ្រគណបក្ស ភ្លើងទៀន តទៅទៀត។
(*)គណបក្ស ភ្លើងទៀន នៅតែមានឆន្ទៈក្នុងការចូលរួមការបោះឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមជម្រុញ និងលើកស្ទួយគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍប្រទេសជាតិ៕