ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២
(*)គណបក្ស ភ្លើងទៀន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច និងការចូលរួមរបស់លោក Jo Biden ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
(*)គណបក្ស ភ្លើងទៀន ស្នើសុំការអន្តរាគមន៍ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៖
-បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ការគំរាមកំហែងផ្សេងៗ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសំឡេងប្រឆាំង។
-ទម្លាក់ចោលរាល់ការចោទប្រកាន់ហេតុផលនយោបាយប្រឆាំងនឹងសកម្មជននយោបាយ សង្គម និងបរិស្ថាន ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងពន្ធនាគារ។
-ដោះលែងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ។
-បង្កើតលំហនយោបាយ ដើម្បីធានាគោលការណ៍ប្រជាធិបតេយ្យ រួមទាំងសិទ្ធិក្នុងការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស។
-ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្ពោះទៅរកការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
-រក្សាឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនឲ្យបានរឹងមាំ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
-គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១៕