សេចក្ដីថ្លែងការណ៍
=======
គណបក្សភ្លើងទៀន បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀន ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋាននានានៅក្រៅប្រទេស ដែលនាំឲ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនចំពោះ គណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀន សូមប្រកាសជាសាធារណៈថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនង និងមិនមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់ខាងលើនេះទេ។ គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ដែលតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឳកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ គណបក្សភ្លើងទៀន សូមណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ដែលទទួលបានការតែងតាំងជាផ្លូវការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសកម្មភាពឃោសនាបោះឆ្នោត ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ រួមទាំងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
រាជធានីភ្នំពេញ, ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា គ.ស.២០២២