សមាជិកព្រឹទ្ធសភាអាមេរិក ៤ រូបអំពាវនាវឱ្យលោក ហ៊ុន សែន គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅវ៉ាស៊ីនតោន
13 ឧសភា 2022
វ៉ាស៊ីនតោន — សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ៤ រូប កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម «ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ខណៈលោក ហ៊ុន សែន កំពុងលេចមុខលេចមាត់ ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ដែលជាថ្ងៃទី ១ នៃកិច្ចប្រជុំកំពូលនៅសេតវិមាននេះ លោក Edward J. Markey សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Massachusetts លោក Mitt Romney សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Utah លោក Bob Menendez សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New Jersey និងលោក Jim Risch សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Idaho បានស្វាគមន៍ការអនុម័តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកចំពោះសំណើច្បាប់ស្តីពីការរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលមានប្រទេស ១៩ ជាហត្ថលេខី កាលពីជាង៣០ ឆ្នាំមុន និងជាមូលដ្ឋានមួយសម្រាប់កសាងសន្តិភាពនិងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបានបន្តថា ការសន្យានៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានគំរាមកំហែងដោយសកម្មភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
សមាជិកព្រឹទ្ធសភា លោក Edward Markey ដែលជាប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ានៃគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាអាមេរិក ដែលជាអ្នកផ្តួចផ្តើមសំណើច្បាប់នេះ បានថ្លែងថា៖ «ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានផ្ញើសារយ៉ាងច្បាស់មិនអាចប្រកែកបាន ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជាថា រដ្ឋាភិបាលរបស់លោកដាច់ខាតត្រូវឱ្យបានសម្រេចតាមការសន្យាខាងប្រជាធិបតេយ្យរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមិនមែនដើរថយក្រោយចេញពីសន្តិភាពវិញទេ»។
លោកបានបន្តក្នុងសេចក្តីថ្លែងការណ៍នោះថា ទាំងលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ខកខានមិនបានធ្វើតាមមូលដ្ឋាននៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងអព្យាក្រឹតភាព ដែលជាការសន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញកម្ពុជា។
ចំណែកលោក សមាជិកព្រឹទ្ធសភា Jim Risch បានអបអរសាទរចំពោះព្រឹទ្ធសភាអាមេរិកដែលបានអនុម័តច្បាប់ដែលត្រូវបានស្នើឡើងកាលពីខែតុលា ឆ្នាំមុន គឺចំខួប៣០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប៉ុន្តែលោកបានព្រមានថា៖ «រដ្ឋាភិបាលកម្ពុជាបន្តរំលោភសិទ្ធិមនុស្សដែលទទួលស្គាល់ជាអន្តរជាតិរបស់ពលរដ្ឋខ្លួន និងអនុញ្ញាតឱ្យយោធាចិនបង្កើតវត្តមាននៅក្នុងទឹកដីកម្ពុជា ថ្វីបើខ្លួនបានធ្វើការសន្យា[អំពីអព្យាក្រឹតភាព]នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពី ៣០ ឆ្នាំមុនក្តី»។
លោក Markey ក៏បានអំពាវនាវឱ្យសភាអាមេរិកអនុម័តច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា (Cambodia Democracy and Human Rights Act ) ដែលលោកបានស្នើឡើងសមាជិកព្រឹទ្ធសភាពីរដ្ឋ Florida គឺលោក Marco Rubio។
គួបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ក៏មានពលរដ្ឋខ្មែរជាច្រើននាក់បានចេញមកធ្វើបាតុកម្មតវ៉ាតាមដងផ្លូវនៅជិតកន្លែងប្រជុំក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារឱ្យលោក ហ៊ុន សែន ស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា គឺមួយថ្ងៃក្រោយពី លោកនាយករដ្ឋមន្ត្រីកម្ពុជាបានជួបជុំជាមួយអ្នកគាំទ្ររូបលោកប្រមាណ ២.០០០ នាក់ កាលពីថ្ងៃពុធ នៅសណ្ឋាគារមិនប្រាប់ឱ្យដឹងមួយកន្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕
==>អានពត៍មានលំអិតដោយចុចតំណភ្ជាប់នេះ៖ https://khmer.voanews.com/…/us-senators…/6569694.html
==> អានដំណោះស្រាយរួមដោយព្រឹទ្ធសភាអាមេរិកទាំង៤នាក់ដោយចុចតំណភ្ជាប់នេះ៖ https://www.markey.senate.gov/…/senators-markey-romney…