បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនបេ្តជ្ញាសហការការងារល្អជាមួយមន្រ្តីបក្សកាន់អំណាច
Op-Ed: VOA Khmer 27 មិថុនា 2022
ឃុំក្រយា ខេត្តកំពង់ធំ —
ការសហការគ្នាល្អ និងចេះសម្របសម្រួលគ្នាជាការចង់បានរបស់សកម្មជនគណបក្សភ្លើងទៀនជាប់ឆ្នោត គឺលោក យាប់ យ៉ូត អាយុ៥២ឆ្នាំ រស់នៅក្នុងឃុំក្រយា ស្រុកប្រាសាទបាល្ល័ង្គខេត្តកំពង់ធំ។
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោក យាប់ យ៉ូត ដែលធ្វើនយោបាយជាមួយអតីតគណបក្សជាតិខ្មែរ តាំងពីឆ្នាំ១៩៩៨ បានថ្លែងថា៖ «បើចំពោះខ្ញុំផ្ទាល់ ប្រជាជនលោកគាំទ្រសំឡេងខ្ញុំ វាច្រើនជាងលោក[មន្រ្តីគណបក្សប្រជាជនកម្ពុជា] អ៊ីចឹង ហើយនេះជាសំឡេងតំណាងឲ្យប្រជាពលរដ្ឋរៀងៗខ្លួនហើយ។ ហើយយើងមិនត្រូវជែងគ្នា ឬក៏ឈ្លោះប្រកែកគ្នាដោយសារតែរឿងមុខតំណែង ព្រោះប្រជាជនជាអ្នកកាត់ក្តីឲ្យហើយ យើងជាអ្នកបម្រើពួកគាត់តែប៉ុណ្ណោះ»។
លោក យ៉ូត បានជាប់ឆ្នោតជាមេឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដោយឈ្នះបាន៤អាសនៈ ក្នុងចំណោម៧អាសនៈ។ គណបក្សប្រជាជនកម្ពុជាឈ្នះបាន៣អាសនៈ។ លោក យ៉ូត ធ្លាប់ជាប់ឆ្នោតជាមេឃុំកាលពីឆ្នាំ២០១២ និងនៅឆ្នាំ២០១៧ ប៉ុន្តែបានបំពេញការងារតែជាង៣ខែប៉ុណ្ណោះ មុនពេលគណបក្សប្រឆាំងត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។លោកបន្តថាប្រជាពលរដ្ឋនៅតែបន្តគាំទ្ររូបលោកនៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ។
លោកបន្ថែមថា៖ «គាត់ឃើញទង្វើដែលយើងបានឃើញកន្លងមក គាត់មានការស្រឡាញ់ ហើយពេញចិត្ត។ គាត់មិនអស់ចិត្ត មិនអស់ថ្លើម រហូតដល់ពេលនេះ ខ្ញុំឈរជាគណបក្សភ្លើងទៀន គាត់ក៏បោះឆ្នោតជូនខ្ញុំទៀត អ៊ីចឹងបានន័យថាឈ្នះដោយទង្វើរបស់យើងដែលធ្វើកន្លងមក»។
លោក យ៉ូត មិនបានធ្វើសកម្មជនភាពនយោបាយរយៈពេល៥ឆ្នាំហើយ ក្រោយគណបក្សសង្គ្រោះជាតិរបស់លោកត្រូវបានរំលាយ។ លោកមិនបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឡើយ បើទោះមានការបញ្ចុះបញ្ចូលក៏ដោយ។ លោក យ៉ូត ឲ្យដឹងថាលោកក៏ត្រូវបានអាជ្ញាធរតាមដានសកម្មភាពរបស់លោកជាបន្តបន្ទាប់។
គណបក្សភ្លើងទៀនឈ្នះតំណែងមេឃុំតែ៤ប៉ុណ្ណោះនៅទូទាំងប្រទេស និងតំណែងក្រុមប្រឹក្សាប្រមាណ២.២០០នៅទូទាំងប្រទេស ដែលស្មើប្រមាណ១៨%នៃអាសនៈសរុប។
នៅក្នុងពិធីអបអរសាទរសកម្មជនដែលជាប់ឆ្នោត ដែលធ្វើឡើងនៅក្នុងខេត្តកំពង់ធំ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងថាគណបក្សប្រឆាំងដែលចូលរួមការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា គឺជាគណបក្សភ្លើងទៀន ដែលទើបមានសកម្មភាព មិនមែនគណបក្សសង្គ្រោះជាតិ ដែលឈ្នះបានតំណែងមេឃុំជិត៥០០ កាលពីឆ្នាំ២០១៧។
លោក ថាច់ សេដ្ឋា ជំរុញឲ្យសកម្មជនរបស់ខ្លួនបន្តសាមគ្គីភាព និងជម្នះការគំរាមកំហែងនានា ដែលអាចកើតឡើងនៅពេលខាងមុខទៀត។
លោកបញ្ជាក់ថា៖ «ទាល់តែយើងឈប់ខ្លាចគេ ដល់តែយើងឈប់ខ្លាចគេ គេខ្លាចយើងហើយ»។
លោក យ៉ូត ដែលនឹងដឹកនាំឃុំក្រយានៅពេលខាងមុខ ថ្លែងថាលោកសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ដោយសារគណបក្សនេះមានគោលការណ៍ដូចគ្នានឹងគណបក្សដែលលោកពេញចិត្ត ដូច្នេះលោកមិនត្រូវរង់ចាំឡើយ។
នៅឆ្នាំក្រោយនេះ លោកចង់ឃើញគណបក្សភ្លើងទៀនទទួលបានជ័យជម្នះដឹកនាំប្រទេស។ លោកបញ្ជាក់ថា៖ «ខ្ញុំចង់ឃើញបោះឆ្នោតឆ្នាំក្រោយ មានភាពជោគជ័យ ខ្ញុំចង់ឃើញ រង់ចាំយូរហើយ ចង់ឃើញគណបក្សភ្លើងទៀនបានជោគជ័យនាពេលខាងមុខ»។
លោក យាប់ យ៉ូត ដែលជាសកម្មជនថ្នាក់ក្រោមរបស់គណបក្សប្រឆាំងជាង២០ឆ្នាំមកហើយ ចង់ឃើញឃុំរបស់លោកមានការរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។ លោកបានប្តេជ្ញាថាលោកនឹងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ក្រោយខកខានមិនបានដឹកនាំឃុំនេះរយៈពេល៥ឆ្នាំ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ថា៖ «ចំពោះពេលខាងមុខ ខ្ញុំនឹងប្តេជ្ញាបម្រើប្រជាពលរដ្ឋរបស់ខ្លួន ដូចឪពុកម្តាយដែលបម្រើកូនរបស់ខ្លួន ដែលនៅតូចអ៊ីចឹងបាទ»។
ទោះជាយ៉ាងណា លោក យ៉ូត យល់ថាគណបក្សប្រឆាំងនៅតែមានភាពផុយស្រួយនៅឡើយ ដែលអាចរងការរំលាយបន្តទៀត។
លោកបន្ថែមថា៖ «ផុយស្រួយក្នុងការដែលគេបញ្ឈប់ឬគេរំលាយឬក៏គេធ្វើយ៉ាងម៉េចធ្វើអី វាផុយស្រួចនៅពេលខាងមុខ។ បើថាយើងទាំងអស់ សមាជិកសមាជិកាតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម បើថាមិនគិតគូរឲ្យបានហ្មត់ចត់ទេ វាងាយនឹងផុយស្រួយហ្នឹងឯង»។
សកម្មជននយោបាយនៅក្នុងឃុំក្រយារូបនេះក៏ចង់ឃើញថ្នាក់ដឹកនាំខាងលើត្រូវរ៉ូវគ្នាផងដែរ ដើម្បីឲ្យគណបក្សប្រឆាំងរឹងមាំក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ប៉ុន្តែលោកថាលោកគ្រាន់តែជាសកម្មជនថ្នាក់ក្រោមមួយរូប ដែលបានត្រឹមតែការសោកស្តាយចំពោះការបែកបាក់គ្នារបស់ថ្នាក់ដឹកនាំ។
លោកថ្លែងថា៖«តែបើសិនអ្នកទាំងនោះអាចរួបរួមគ្នា សហការគ្នា បូកគ្នា ក៏ខ្ញុំអរគុណជាអនេកប្បការដែរ តែបើគាត់បែកគ្នា មិនដឹងធ្វើម៉េចជារឿងរបស់គាត់ មានតែការសោកស្តាយ»៕