ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍
=======
នារសៀលថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ (Finland) ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
ក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាធិការ បានលើកឡើងអំពីការចាប់ផ្តើមដំណើរការឡើងវិញរបស់គណបក្សភ្លើងទៀន ក្រោយពីបានផ្អាកសកម្មភាពអស់រយៈពេល៤ឆ្នាំ និងដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ៖
១) ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត
២) ការរៀបចំភ្នាក់ងារសង្កេតការណ៍
៣) យុទ្ធនាការឃោសនាបោះឆ្នោត និង
៤) ថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។
ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ បានពន្យល់រៀបរាប់អំពីស្ថានការណ៍នយោបាយទូទៅ រួមមានការរំខាន ការធ្វើទុក្ខម្នេញ និងការគំរាមកំហែងមកលើសកម្មជន បេក្ខជន និងភ្នាក់ងារសង្កេតការណ៍របស់គណបក្ស ព្រមទាំងភាពមិនប្រក្រតីនានាដែលបានកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងទៅនេះ។
ជាចុងក្រោយ លោកអគ្គលេខាធិការគណបក្ស បានស្នើសុំលោកឯកអគ្គរដ្ឋទូត ជួយពាំនាំសំណើរបស់គណបក្សភ្លើងទៀន ដល់រដ្ឋាភិបាលហ្វាំងឡង់ដ៍ និងសហគមន៍អន្តរជាតិ បន្តជួយឃ្លាំមើលស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ៕