លោក គង់ រ៉ៃយ៉ា រងការពិន័យប្រាក់៥លានរៀលពីបទចែកថវិកានិងអំណោយដល់បេក្ខជន១១ឃុំ
- លោក សេង ថៃ
- Op-Ed: VOD ២៨ ឧសភា ២០២២
- ម៉ោង ២២:៤០
លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ខេត្តកំពង់ចាម។ (រូប៖ ហ្វេសប៊ុក Kung Raiya)
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានសម្រេចផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រធានគណបក្សភ្លើងទៀនឃុំស្ដៅចំនួន ៥ ០០០ ០០០ រៀល ស្របតាមមាត្រា១៧១ និងមាត្រា ១៨១ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា តាមបណ្តឹងរបស់លោក នៅ រក្សា មេធាវីតំណាងដោយអាណត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងជំទាស់សកម្មភាពចែកថវិកា និងអំណោយរបស់លោក គង់ រ៉ៃយ៉ា ទៅដល់បេក្ខជនទាំង១១ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ពាក្យបណ្តឹងនេះ ក៏ប្តឹងទាមទារឱ្យដកបេក្ខភាពពីគណបក្សភ្លើងទៀនទាំង១១ឃុំ ក្នុងស្រុកកងមាស ចេញបញ្ជីបោះឆ្នោតផងដែរ។ ក៏ប៉ុន្តែសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានសម្រេចតាមការទាមទារនេះទេ ដោយរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីរបស់បេក្ខជនគណបក្សភ្លើងទៀនចំនួន១៥នាក់ឱ្យនៅដដែល។ សេចក្តីសម្រេចនេះ បានបើកផ្លូវឱ្យលោក គង់ រ៉ៃយ៉ា ប្តឹងជំទាស់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប តាមកំណត់នៃច្បាប់។
លោក គង់ រ៉ៃយ៉ា ដែលជាប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី ប្ដឹងពាក់ព័ន្ធនឹងការបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពជាមេឃុំក្នុងស្រុកកងមាស ទាំង១១ឃុំ ដោយក្នុងមួយឃុំ ចំនួន១០០ដុល្លារ។
លោក គង់ រ៉ៃយ៉ា អះអាងថា ការចែកថវិកាកាលពីថ្ងៃទី២១ ខែឧសភា ទៅបេក្ខភាពគណបក្សភ្លើងទៀន ក្នុងឃុំនីមួយៗ ចំនួន១០០ដុល្លារ មិនមែនជាការទិញទឹកចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែថវិកានេះសម្រាប់ការចំណាយអំឡុងពេលឃោសនាបោះឆ្នោតរបស់គណបក្សតាមឃុំនីមួយៗតែប៉ុណ្ណោះ៕